Register Already an agent ? Login

បុរីជនបទនិងភូមិគំរូ៖ កម្ពុជាប្រមូលផ្តុំអ្នកជំនាញជាង ៤៦០ រូប រៀបចំមហាផែនការអភិវឌ្ឍន៍ភូមិក្នុងសុបិនឆ្នាំ ២០៥០

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដើម្បីប្រែក្លាយជនបទកម្ពុជាឱ្យទៅជា "បុរីជនបទ" និង "ភូមិឋានក្សេមក្សាន្ត" រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នារៀបចំ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី "ការអភិវឌ្ឍភូមិនៅកម្ពុជា" នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តប់ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ អ្នកស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញប្រមាណ ៤៦០ នាក់ មកពីទូទាំងប្រទេស 

សិក្ខាសាលានេះផ្តោតលើប្រធានបទសំខាន់ៗចំនួន ៥ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព៖

១. ការអភិវឌ្ឍភូមិគំរូ៖ ការកំណត់អត្តសញ្ញាណភូមិដែលទទួលបានជោគជ័យ ដើម្បីយកមកពង្រីក និងអនុវត្តតាម។

២. ការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិ៖ ការសិក្សាស្រាវជ្រាវទូទាំងប្រទេស ដើម្បីវាយតម្លៃកម្រិតអភិវឌ្ឍន៍ និងកំណត់អាទិភាព។

៣. ករណីសិក្សាការអភិវឌ្ឍជនបទ៖ ការស្វែងយល់ពីគំរូជោគជ័យ និងមេរៀនបទពិសោធន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

៤. លំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ៖ ការដាក់ចក្ខុវិស័យថ្មី ដែលលំនៅឋានសមរម្យ គឺជាចំណុចចាប់ផ្តើមនៃការកសាងសហគមន៍ជនបទប្រកបដោយនិរន្តរភាព។

៥. ទស្សនទានឆ្ពោះទៅការរៀបចំបុរីជនបទ៖ ការរៀបចំផែនការយុទ្ធសាស្ត្ររួម ដើម្បីពន្លឿនការអភិវឌ្ឍន៍ជនបទ និងប្រែក្លាយភូមិឋានឱ្យទៅជា "បុរីជនបទ" ពោរពេញទៅដោយសុភមង្គល 

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានលើកឡើងពីទស្សនវិស័យរបស់ក្រសួង ក្នុងការកសាងសង្គមជនបទកម្ពុជាឱ្យក្លាយជា "សង្គមរីកចម្រើន ប្រកបដោយបរិយាប័ន្ន សមធម៌ និងចីរភាព" ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងយ៉ាងច្បាស់ថា៖«ការអភិវឌ្ឍប្រកបដោយភាពធន់ និងបរិយាប័ន្ននៃភូមិឋាន និងសហគមន៍ជនបទចម្រុះ គឺជាអាទិភាពកំពូលរបស់ក្រសួង។ នេះរួមបញ្ចូលទាំងការគាំទ្រដល់សហគមន៍ជនបទទូទៅ សហគមន៍សម្បទានដីសង្គម និងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ជនបទ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត» 

ឯកឧត្តមបានបន្ថែមថា គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបមាន លំនៅឋានរស់នៅសមរម្យ ម្ហូបគ្រប់គ្រាន់ ប្រាក់ចំណូលមានស្ថិរភាព កូនៗបានរៀនសូត្រ និងមានពេលវេលាលំហែជួបជុំគ្រួសារ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃវឌ្ឍនភាព និងកំណត់គោលដៅអភិវឌ្ឍន៍ជនបទ ដើម្បីឱ្យស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍជនបទរបស់កម្ពុជាកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីដៃគូអន្តរជាតិ។ កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងឯកអគ្គរាជទូតកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបំបែកដីសាងសង់ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ នៅខេត្តតាកែវ ដែលទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលកូរ៉េ។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើន រួមទាំងផ្លូវថ្នល់ជាង ៣,០០០គីឡូម៉ែត្រ និងការផ្គត់ផ្គង់ទឹកស្អាត 

សិក្ខាសាលានេះ បានបញ្ចប់ដោយជោគជ័យ ដោយអ្នកចូលរួមទាំងអស់បានឯកភាពគ្នាលើការបន្តសហការគ្នាយ៉ាងស្អិតរមួត ដើម្បីរៀបចំស្រុកទេស អភិវឌ្ឍន៍ភូមិឋាន និងកសាងខឿនសេដ្ឋកិច្ចជាតិ ធ្វើឱ្យកម្ពុជាក្លាយជា "មាតុភូមិខ្ញុំ" ប្រកបដោយសុខដុមរមនា និងភាពរុងរឿង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)