Register Already an agent ? Login

តើ "ឆ្នាំជាប់ពន្ធ" ត្រូវបានកំណត់យ៉ាងដូចម្តេច សម្រាប់គោលដៅពន្ធលើប្រាក់ចំណូល?

ភ្នំពេញ៖ ការយល់ដឹងអំពីកាលបរិច្ឆេទនៃ «ឆ្នាំជាប់ពន្ធ» គឺជាជំហានដំបូងដ៏សំខាន់បំផុតសម្រាប់រូបវន្តបុគ្គល និងនីតិបុគ្គល (ក្រុមហ៊ុន) ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវតម្លាភាពសេដ្ឋកិច្ច និងការអនុលោមតាមច្បាប់ស្តីពីសារពើពន្ធ។ យោងតាម មាត្រា៨ នៃច្បាប់ស្តីពីសារពើពន្ធ ការកំណត់ឆ្នាំជាប់ពន្ធមានលក្ខណៈខុសគ្នាអាស្រ័យលើប្រភេទអាជីវកម្ម។

១. សម្រាប់ក្រុមហ៊ុន (នីតិបុគ្គល)៖ ច្បាប់នៃឆ្នាំប្រតិទិន

ជាទូទៅ ពន្ធលើប្រាក់ចំណូលត្រូវបានគណនាផ្អែកលើលទ្ធផលគណនេយ្យប្រចាំ ឆ្នាំប្រតិទិន (ពីថ្ងៃទី១ មករា ដល់ ៣១ ធ្នូ)។ ប៉ុន្តែ មានករណីពិសេសមួយចំនួនដែលម្ចាស់អាជីវកម្មត្រូវដឹង៖

  • សហគ្រាសទើបបង្កើតថ្មី៖ ការគិតពន្ធចាប់ផ្តើមរាប់ពីថ្ងៃ «បើកអាជីវកម្មដំបូង» រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំដដែល។
  • ករណីក្រុមហ៊ុនបរទេស (Non-resident): ក្រុមហ៊ុនដែលអាចបង្ហាញថាខ្លួនត្រូវបានគ្រប់គ្រងដោយនីតិបុគ្គលអនិវាសនជន អាចស្នើសុំប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន (ឧទាហរណ៍៖ តាមឆ្នាំហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេនៅបរទេស)។
  • ករណីបិទអាជីវកម្ម៖ ការគណនាពន្ធចុងក្រោយត្រូវគិតចាប់ពីដើមឆ្នាំជាប់ពន្ធ រហូតដល់ថ្ងៃដែលអាជីវកម្មត្រូវ «បញ្ឈប់ជាស្ថាពរ»។
២. សម្រាប់បុគ្គលម្នាក់ៗ (រូបវន្តបុគ្គល)

ចំពោះបុគ្គលដែលប្រកបអាជីវកម្ម ឬមានប្រាក់ចំណូលផ្ទាល់ខ្លួន ការគិតពន្ធលើប្រាក់ចំណូលគឺសាមញ្ញបំផុត ពោលគឺ «គិតលើប្រាក់ចំណូលសរុបដែលសម្រេចបានក្នុងឆ្នាំប្រតិទិននីមួយៗ» (មករា ដល់ ធ្នូ)។

គូសបញ្ជាក់ផងដែរថា ការរៀបចំឯកសារគណនេយ្យឱ្យបានត្រឹមត្រូវតាមកាលបរិច្ឆេទកំណត់ មិនត្រឹមតែជួយឱ្យអាជីវកម្មដើរស្របតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងបង្កើនទំនុកចិត្តពីវិនិយោគិនផងដែរ។

អ្វីដែលអ្នកជាប់ពន្ធគួរដឹង៖
  • ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានលទ្ធផលគណនេយ្យច្រើនតៗគ្នាក្នុងឆ្នាំណាមួយ ត្រូវបូកបញ្ចូលគ្នាដើម្បីគណនាពន្ធ។
  • ការស្នើសុំផ្លាស់ប្តូរឆ្នាំជាប់ពន្ធ ត្រូវធ្វើឡើងដោយមានការអនុញ្ញាតពីអគ្គនាយកដ្ឋានពន្ធដារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)