Register Already an agent ? Login

អាស៊ានប៊ីស្នេសសាមីត បិទបញ្ចប់ដោយជោគជ័យ វិនិយោគិនជាង៧០០ រកឃើញ 'គន្លឹះ' ចូលទីផ្សារកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានបង្ហាញពីសក្តានុពលវិនិយោគដ៏ទាក់ទាញរបស់ខ្លួនជូនវិនិយោគិនអន្តរជាតិ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះ និងចូលរួមពិភាក្សាក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម”។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដែលជាកត្តាគន្លឹះក្នុងការកាត់បន្ថយថ្លៃដើមអាជីវកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រែក្លាយទីតាំងភូមិសាស្ត្រឲ្យទៅជាអត្ថប្រយោជន៍សេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការតភ្ជាប់នេះត្រូវតែពង្រីកហួសពីផ្លូវថ្នល់ ទៅរកប្រព័ន្ធពហុមធ្យោបាយ បច្ចេកវិទ្យាឌីជីថល និងថាមពលប្រកបដោយនិរន្តរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «កម្ពុជាបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់អាស៊ាន។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិតេជោ, ព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ សុទ្ធតែជាសក្ខីភាពបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងស្ពានតភ្ជាប់សេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេស។ យើងមិនគ្រាន់តែភ្ជាប់ចម្ងាយផ្លូវទេ ប៉ុន្តែកំពុងភ្ជាប់ឱកាស»។

ឯកឧត្តមក៏បានគូសបញ្ជាក់ពី ការទទួលស្គាល់ជាអន្តរជាតិ តាមរយៈការពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ឆ្នាំ២០២៥ ដែលបានបញ្ជាក់ថា កម្ពុជាបានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម ចាប់តាំងពីខែមករា ឆ្នាំ២០២៥។

កត្តាទាក់ទាញវិនិយោគិន៖ រដ្ឋាភិបាលគាំទ្រវិស័យឯកជន, កម្លាំងពលកម្មវ័យក្មេង ស្វាហាប់ និងមានតម្លៃប្រកួតប្រជែង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, របបវិនិយោគបើកទូលាយ, ការចូលទៅកាន់ទីផ្សារពិភពលោកដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំនេះ បានទាក់ទាញការចូលរួមពីក្រុមហ៊ុនជាតិ និងអន្តរជាតិជាង ៣០០ និងថ្នាក់ដឹកនាំធុរកិច្ចជិត ៧០០នាក់ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងតួនាទីជាចំណុចប្រសព្វនៃការតភ្ជាប់ និងកំណើនក្នុងតំបន់អាស៊ាន។

វេទិកានេះមិនត្រឹមតែជាកន្លែងជួបជុំធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលនៃការផ្សារភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ និងការផ្គូផ្គងអាជីវកម្ម ដែលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានឆ្ពោះទៅមុខ។

គូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន (អាស៊ានប៊ីស្នេសសាមីត) គឺជាវេទិកាប្រចាំឆ្នាំដ៏សំខាន់មួយ ដែលប្រមូលផ្តុំថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន សហគ្រិន និងអ្នកបង្កើតគោលនយោបាយមកពីទូទាំងតំបន់អាស៊ាន និងពិភពលោក ដើម្បីពិភាក្សា និងស្វែងរកឱកាសក្នុងការធ្វើពាណិជ្ជកម្ម វិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)