Register Already an agent ? Login

ពន្ធដារ រំឮកម្ចាស់អាជីវកម្មឱ្យរួសរាន់បំពេញកាតព្វកិច្ច «ពន្ធលើផ្ទាំងផ្សព្វផ្សាយ» ដើម្បីជៀសវាងការផាកពិន័យ

ភ្នំពេញ៖ ស្របពេលដែលរដូវកាលនៃការបង់ពន្ធប្រចាំឆ្នាំកំពុងខិតជិតមកដល់ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានចេញសេចក្តីណែនាំ និងចែកចាយខិត្តប័ណ្ណអប់រំ ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធក្នុងការគណនា និងប្រកាសបង់ «ពន្ធលើផ្ទាំងផ្សព្វផ្សាយ» ឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ជៀសវាងការយឺតយ៉ាវដែលនាំឱ្យមានទោសទណ្ឌជាប្រាក់។

តើអ្វីទៅជាពន្ធលើផ្ទាំងផ្សព្វផ្សាយ?

ពន្ធលើផ្ទាំងផ្សព្វផ្សាយ គឺជាប្រភេទពន្ធប្រចាំឆ្នាំដែលត្រូវបានអនុវត្តចំពោះរាល់ការផ្សព្វផ្សាយពាណិជ្ជកម្មតាមគ្រប់រូបភាព ទាំងលក្ខណៈអចល័ត (ផ្ទាំងប៉ាណូនៅនឹងកន្លែង) និងចល័ត (ការបិទផ្សាយលើមធ្យោបាយដឹកជញ្ជូន) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អនុសាសន៍ពីអគ្គនាយកដ្ឋានពន្ធដារ៖ "ការស្វែងយល់ច្បាស់ពីលក្ខណៈបច្ចេកទេសនៃផ្ទាំងផ្សព្វផ្សាយ គឺជាគន្លឹះសំខាន់ដែលជួយឱ្យអ្នកជាប់ពន្ធអាចគណនាប្រាក់ពន្ធបានត្រឹមត្រូវ និងចំណេញពេលវេលា។ ការអនុវត្តកាតព្វកិច្ចពន្ធដោយតម្លាភាព គឺជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។"

ដើម្បីគណនាប្រាក់ពន្ធឱ្យបានត្រឹមត្រូវ អ្នកជាប់ពន្ធត្រូវពិនិត្យលើកត្តាសម្រេចចំនួន ៦ ដូចខាងក្រោម៖

១.ប្រភេទបណ្ណប្រកាសៈ ជាស្លាកអាជីវកម្មដ្ឋាន ផ្ទាំងអក្សរ ឬរូបភាពក្នុងគោលបំណងពាណិជ្ជកម្ម។

២.ទំហំជាក់ស្តែងៈ គិតជាក្រឡាផ្ទៃ (ដេស៊ីម៉ែត្រក្រឡា)។

៣.អក្សរបរទេសៈ ពិនិត្យលើចំនួនតួអក្សរ និងកម្ពស់អក្សរ (គិតជាដេស៊ីម៉ែត្រ)។

៤.ប្រភេទដំឡើងៈ តើជាផ្ទាំងនៅនឹងកន្លែង (អចល័ត) ឬលើមធ្យោបាយធ្វើដំណើរ (ចល័ត)?

៥.បច្ចេកវិទ្យាៈ មានបំពាក់ពន្លឺ (ភ្លើង) ឬគ្មានពន្លឺ។

៦.របៀបដំឡើងៈ ទីតាំងលើកស្លាកជាលក្ខណៈ កែង ឬ ស្រប ទៅនឹងដងផ្លូវ។

ដើម្បីបង្កភាពងាយស្រួល អគ្គនាយកដ្ឋានពន្ធដារបានរៀបចំ «ខិត្តប័ណ្ណពន្ធលើផ្ទាំងផ្សព្វផ្សាយ» ដែលជាមគ្គុទ្ទេសក៍ដ៏ទូលំទូលាយ រួមមាន៖

-និយមន័យពាក្យគន្លឹះ និងមូលដ្ឋានគិតពន្ធ។

-តារាងអត្រាពន្ធ និងការលើកលែងពន្ធសម្រាប់ករណីពិសេស។

-ឧទាហរណ៍ជាក់ស្តែងនៃការគណនាប្រាក់ពន្ធ។

-នីតិវិធីនៃការបំពេញបែបបទ និងទីកន្លែងបង់ប្រាក់ពន្ធ។

គួរបញ្ជាក់ថា ការប្រកាសបង់ពន្ធត្រូវធ្វើឡើងចាប់ពី ថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ជៀសវាងការរង់ចាំដល់ថ្ងៃចុងក្រោយដែលអាចមានភាពកកស្ទះ។

អគ្គនាយកដ្ឋានពន្ធដារ ក៏បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនិងអាជីវកម្មទាំងអស់ សិក្សាខិត្តប័ណ្ណនេះ ដើម្បីធានាបាននូវការអនុវត្តត្រឹមត្រូវ និងចៀសវាងកំហុសឆ្គងក្នុងការបង់ពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)