ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ (ASEAN-Cambodia Business Summit 2026) ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែមីនា នៅសណ្ឋាគារសូហ្វីទែល រាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលដ៏មហោឡារិកនេះ ប្រព្រឹត្តទៅក្រោមមូលបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម” (Transforming ASEAN: Innovation, Integration, and Industrial Evolution) ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិសរុប ៣០៦ក្រុមហ៊ុន និងតំណាងធុរជនជិត ៧០០នាក់ ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចប្រជុំកំពូលនេះគឺជាវេទិកាប្រចាំឆ្នាំដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់ការចូលរួមពីវិស័យឯកជន ប្រកបដោយភាពទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងច្បាស់ពីចក្ខុវិស័យរបស់កម្ពុជា ៖ “កម្ពុជាបានទទួលយកគំរូនៃការបើកចំហជាយុទ្ធសាស្ត្រ ក្នុងនាមជាមជ្ឈមណ្ឌលឌីជីថល និងឧស្សាហកម្មដែលកំពុងរីកចម្រើនថ្មីមួយនៅក្នុងតំបន់អាស៊ាន។”
សម្តេច បានបន្តថា រាជរដ្ឋាភិបាលបានជំរុញយ៉ាងខ្លាំងក្លានូវកំណើនដែលជំរុញដោយនវានុវត្តន៍ ក្នុងគោលដៅបង្កើនសមត្ថភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងតំបន់ នៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងពឹងផ្អែកលើឌីជីថលភាវូបនីយកម្ម និងនិរន្តរភាព ។
សម្តេច ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការឡើងឋានៈជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នាពេលអនាគត ដោយផ្អែកលើសសរស្តម្ភសំខាន់ៗចំនួនបី គឺ អភិបាលកិច្ចប្រកបដោយចីរភាព ការជំរុញនវានុវត្តន៍ និងការធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ។
ស្របគ្នានេះ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រឹក្សាពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ប្រចាំកម្ពុជា បានលើកឡើងថា កិច្ចប្រជុំកំពូលនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងសភាពាណិជ្ជកម្មកម្ពុជា និងដៃគូនានា។ លោក បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូររចនាសម្ព័ន្ធយ៉ាងជ្រៅ ឆ្ពោះទៅរកវិស័យផលិតកម្មកម្រិតខ្ពស់ ជាពិសេសលើគ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់យានយន្ត។
ជាងនេះទៅទៀត លោកបានបន្ថែមថា ទ្រព្យសម្បត្តិដ៏ធំបំផុតរបស់កម្ពុជា គឺធនធានមនុស្សវ័យក្មេង ដោយប្រជាជនជាង ៦៥% មានអាយុក្រោម ៣៥ ឆ្នាំ ដែលជាកម្លាំងពលកម្មដ៏ស្វាហាប់ អាចសម្របខ្លួនបាន និងមានជំនាញកាន់តែខ្ពស់ ។
ជាមួយគ្នានេះ លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីជួបជុំពិសាភេសជ្ជៈ នារាត្រីថ្ងៃទី៣ មីនា ដោយលើកទឹកចិត្តដល់វិស័យឯកជនអាស៊ានឱ្យភ្ជាប់បណ្តាញអាជីវកម្ម និងវិនិយោគ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃកិច្ចប្រជុំកំពូល ដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួម ស្របតាមចក្ខុវិស័យសហគមន៍អាស៊ាន ២០៤៥ ។
ទោះបីជាប្រឈមមុខនឹងបញ្ហាប្រឈមសកលក៏ដោយ លោក គិត ម៉េង បានសង្កត់ធ្ងន់ថា អំណាចរបស់អាស៊ាន មិនមែនស្ថិតនៅត្រង់ការជ្រើសរើសបក្សពួកនោះទេ ប៉ុន្តែគឺស្ថិតនៅត្រង់ការរក្សានូវភាពបើកចំហ អព្យាក្រឹតភាព និងតួនាទីកណ្តាលរបស់តំបន់។ លោក បានអះអាងថា កិច្ចការរួមរបស់យើងគឺត្រូវថែរក្សាអាស៊ានឱ្យនៅជាកម្លាំងនៃស្ថិរភាព ដែលជាស្នូលនៃកិច្ចសន្ទនា រក្សាទំនាក់ទំនងទីផ្សារ និងធានាថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ នឹងផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ៗចំនួនបួនរួមមាន៖ ឧស្សាហកម្មបៃតង និងភាពចម្រុះ, នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា, សមាហរណកម្មតំបន់, និងការអភិវឌ្ឍកម្លាំងពលកម្ម ។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)