ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានទទួលជួប លោកស្រី Katharina Wieser ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា នៅថ្ងៃពុធ ទី៤ ខែមីនា នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលលោកស្រីចូលប្រគល់សារតាំង។ ជំនួបនេ្ះធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីចំណងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៥៦ និងបានសម្តែងនូវបំណងប្រាថ្នាចង់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
លោកស្រី បានបង្ហើបថា នៅពេលខាងមុខ នឹងមានក្រុមហ៊ុនឯកជនអូទ្រីសប្រមាណ ១០ មកកាន់កម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។ លោកស្រី បានប្តេជ្ញាខិតខំប្រឹងប្រែងជំរុញឱ្យលំហូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការគាំទ្រចំពោះគោលដៅរបស់លោកស្រីឯកអគ្គរដ្ឋទូត និងបានសាទរចំពោះគម្រោងមកកាន់កម្ពុជារបស់ធុរជនអូទ្រីស។ សម្តេចបានសម្តែងនូវសុទិដ្ឋិនិយមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-អូទ្រីស នឹងកាន់តែរីកចម្រើនថែមទៀត។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអូទ្រីស មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។ យោងតាមទិន្នន័យពីក្រសួងការបរទេសអូទ្រីស ទំហំពាណិជ្ជកម្មទ្វេភាគីសរុបក្នុងឆ្នាំ២០២៤ មានតម្លៃ ៣១៤,៨លានអឺរ៉ូ។ គួរកត់សម្គាល់ថា ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ការនាំចេញរបស់អូទ្រីសទៅកាន់កម្ពុជាបានកើនឡើង ៨១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
មុនជំនួបកំពូលនេះ កាលពីខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរក៏ធ្លាប់បានពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើវិស័យអាទិភាពដូចជា ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងភស្តុភារកម្ម។ ក្នុងឱកាសនោះ លោក Michael Friedl ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតអូទ្រីស និងជាប្រធាន Advantage Austria ប្រចាំកម្ពុជា បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ពីសហគមន៍ធុរជនអូទ្រីសក្នុងការពង្រីកពាណិជ្ជកម្ម និងវិនិយោគជាមួយដៃគូកម្ពុជា ។
ជាមួយគ្នានេះ កម្ពុជាក៏បានលើកទឹកចិត្តដល់ការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរួមគ្នា តាមរយៈកិច្ចព្រមព្រៀង ឬអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្មទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានលក្ខណៈជាប្រព័ន្ធ ។
គួររំលឹកផងដែរថា អូទ្រីស និងកម្ពុជា មានទំនាក់ទំនងការទូតដ៏យូរអង្វែង ហើយអូទ្រីសធ្លាប់បានចូលរួមគាំទ្រកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងការចូលរួមជាចៅក្រមនៅក្នុងសាលាក្តីខ្មែរក្រហម (ECCC) និងកិច្ចការរុករកមីនផងដែរ ។
នាឱកាសនោះ សម្តេចតេជោ ក៏បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ដោយជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនថែមទៀត ស្របពេលដែលក្រុមហ៊ុនអូទ្រីសគ្រោងនឹងមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជានាពេលខាងមុខនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)