ភ្នំពេញ៖ គម្រោងស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្រចេះ ដែលជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រតភ្ជាប់ភូមិភាគឦសាន នឹងបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
គិតដើមខែមីនា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពាននេះ សម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយឈានចូលដំណាក់កាលបញ្ចប់ទាំងស្រុង។
គម្រោងទាំងមូល ការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ សម្រេចបាន ៩៦,៨៤%។ រចនាសម្ព័ន្ធស្ពានប្រវែងជាង ១,៧៦១ម៉ែត្រ សម្រេចបាន ៩៨,៤៤% ហើយ។ ផ្លូវតភ្ជាប់ ការងារផ្លូវមេ និងផ្លូវខ្នែង សម្រេចបាន ៩៩,០៩%។
គួរបញ្ជាក់ថា ស្ពាននេះនឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ជាគម្រោងសាងសង់ថ្មីមួយ ដែលភ្ជាប់ចន្លោះភូមិតាលូស ឃុំបុសលាវ ស្រុកចិត្របុរី (ខាងកើត) និងភូមិថ្មីរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ (ខាងលិច)។
ប្រវែង និងទទឹងស្ពានមានប្រវែងសរុប ១.៧៦១ម៉ែត្រ និងទទឹង ១៣.៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ កង់ និងថ្មើរជើងឆ្លងកាត់បាន ។
គម្រោងនេះប្រើប្រាស់ថវិកាប្រមាណ ១១៤លានដុល្លារអាមេរិក ក្នុងទម្រង់ជាកម្ចីសម្បទានពីរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ សាងសង់ដោយក្រុមហ៊ុន សៀងហៃ ខនស្ទ្រាក់សិន គ្រុប (SCG) ជាអ្នកសាងសង់ ដោយមានការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន វ៉ាន់អាន ក្វាងចូវ តិចនិចល ខនសាលថាន ។
ស្ពាននេះត្រូវបានគេមើលឃើញថាជា "សរសៃឈាមសេដ្ឋកិច្ច" ដ៏សំខាន់មួយ ស្របតាមអាទិភាពគន្លឹះទី២ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូន ។
សម្រួលពាណិជ្ជកម្ម និងកសិកម្ម ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសកសិករ នឹងអាចដឹកជញ្ជូនផលិតផលកសិកម្មឆ្លងទន្លេបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពឹងផ្អែកលើសាឡាងដែលចំណាយពេលវេលា និងថវិកា។ ជំរុញវិស័យទេសចរណ៍ ស្ពាននេះនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់ខេត្តក្រចេះ និងតំបន់ឦសានទាំងមូលកាន់តែច្រើន ដោយសារការធ្វើដំណើរងាយស្រួលជាងមុន ។
កាត់បន្ថយការចំណាយភស្តុភារ ការតភ្ជាប់នេះនឹងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនទំនិញកាន់តែមានប្រសិទ្ធភាព កាត់បន្ថយពេលវេលា និងថ្លៃដើម ដែលជាកត្តាទាក់ទាញវិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
អភិវឌ្ឍតំបន់ដាច់ស្រយាល ស្ពាននេះដើរតួនាទីតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជន និងតភ្ជាប់ខេត្តក្រចេះ ទៅកាន់ខេត្តកំពង់ធំ និងបណ្តាខេត្តដទៃទៀត តាមរយៈបណ្តាញផ្លូវជាតិ ។
ការបើកដំណើរការស្ពាននេះ កើតឡើងក្នុងដំណាក់កាលដែលកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតធំៗជាច្រើនទៀត។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញផលិតភាព សម្រួលពាណិជ្ជកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ។
ក្រៅពីស្ពានក្រចេះ កម្ពុជាក៏កំពុងជំរុញគម្រោងធំៗដទៃទៀតដូចជា ការសិក្សាគម្រោងពង្រីកផ្លូវដែក កំពង់ផែទឹកជ្រៅ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលសុទ្ធសឹងជាផ្នែកនៃចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)