បន្ទាយមានជ័យ៖ នៅក្នុងខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ ឥឡូវនេះមានទីលានទុកដាក់សំរាមបែបបទដ្ឋានគំរូថ្មីមួួយ ដែលបានដំណើរការហើយ ដោយចំណាយថវិកាជិត ៧លានដុល្លារអាមេរិក ។ គម្រោងនេះគឺជាផ្នែកមួយនៃ ជំហានទី២ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ដែលទទួលបានឥណទានសម្បទានពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ទីលានថ្មីនេះសាងសង់លើផ្ទៃដីទំហំ ១១ហិកតា ក្នុងរយៈពេលត្រឹមតែ ១០ខែប៉ុណ្ណោះ ។ វាត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងកាកសំណល់ និងទឹកកខ្វក់ប្រកបដោយសុវត្ថិភាព តាមបច្ចេកទេសខ្ពស់ សម្រាប់ប្រជាជនប្រមាណ ១២៨,២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ទាំង៧ នៃក្រុងសិរីសោភ័ណ ។ គម្រោងនេះត្រូវបានគ្រោងទុកឲ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ ។
អត្ថប្រយោជន៍សម្រាប់សហគមន៍ និងសេដ្ឋកិច្ច
តាមរយៈការគ្រប់គ្រងសំរាម និងទឹកកខ្វក់បានត្រឹមត្រូវ ទីលាននេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ
សុខភាពល្អប្រសើរ៖ កាត់បន្ថយហានិភ័យនៃជំងឺ ដែលកើតពីកាកសំណល់មិនបានគ្រប់គ្រង។ ប្រជាពលរដ្ឋពុំចាំបាច់ចំណាយប្រាក់ច្រើនលើការព្យាបាលជំងឺទៀតទេ ។
ការកែច្នៃជាជី៖ សំរាមមួយចំនួនត្រូវបានយកមកធ្វើជីកំប៉ុស្ត និងប្រើប្រាស់ឡើងវិញ បង្កើនអត្ថប្រយោជន៍ដល់វិស័យកសិកម្ម ។
ជំរុញសេដ្ឋកិច្ច និងទេសចរណ៍៖ បរិស្ថានស្អាត និងមានអនាម័យ គឺជាកត្តាទាក់ទាញភ្ញៀវទេសចរ។ នេះនឹងបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ទីលានចាក់សំរាមតាមស្តង់ដារបច្ចេកទេសគឺចាំបាច់ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន។ ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ការអប់រំគឺជាគន្លឹះសម្រាប់និរន្តរភាពរយៈពេលវែង។ ក្រសួងបានជំរុញយ៉ាងសកម្មនូវគោលការណ៍ "៤R" (Recycle, Reduce, Reuse, Reject Plastics) ពោលគឺការកែច្នៃ កាត់បន្ថយការប្រើប្រាស់ ការប្រើប្រាស់ឡើងវិញ និងការបដិសេធប្លាស្ទិក ព្រមទាំងយុទ្ធនាការ "ផ្លូវជាតិគ្មានសំរាមប្លាស្ទិក" ដើម្បីលុបបំបាត់កាកសំណល់ប្លាស្ទិកតាមដងផ្លូវ ។
គម្រោងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថានស្អាត ស្របតាមគោលនយោបាយជាតិស្តីពីការគ្រប់គ្រងសំរាម។
នេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រសម្រាប់ខេត្តបន្ទាយមានជ័យ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិថាជា "ប្រទេសដែលយកចិត្តទុកដាក់លើបរិស្ថាន និងសុខភាពសាធារណៈ"៕
ដោយ៖ មឿន ឌីណា (Moeun Dyna)