Register Already an agent ? Login

CDC និងធនាគារពិភពលោករួមគ្នាវាយតម្លៃចន្លោះខ្វះខាត ដើម្បីបង្វែរវិនិយោគបរទេសឱ្យទៅជាការងារសម្រាប់ពលរដ្ឋ

ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមដំណើរការវាយតម្លៃតម្រូវការផ្ទៃក្នុងរបស់ខ្លួន ដើម្បីត្រៀមអនុវត្តកិច្ចព្រមព្រៀងថ្មីមួយរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្តីពីកិច្ចសម្រួលវិនិយោគ ដែលគេរំពឹងថានឹងជួយជំរុញលំហូរទុនវិនិយោគបរទេស និងបង្កើតការងារបន្ថែមទៀត។

កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី២ ខែមីនា ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយធនាគារពិភពលោក និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។

តំណាង CDC បានឱ្យដឹងថា ការសិក្សានេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីពិនិត្យមើលថាតើប្រតិបត្តិការផ្តល់សេវាវិនិយោគរបស់កម្ពុជាបច្ចុប្បន្ន មានភាពស៊ីសង្វាក់គ្នានឹងស្តង់ដាអន្តរជាតិដែរឬទេ។ ការវាយតម្លៃនេះនឹងជួយកំណត់អាទិភាពការងារដែលត្រូវធ្វើភ្លាមៗ និងចន្លោះខ្វះខាតដែលត្រូវការជំនួយបច្ចេកទេសបន្ថែមពីដៃគូអភិវឌ្ឍន៍។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការកាលពីដើមឆ្នាំ២០២៤ ហើយបច្ចុប្បន្នមានសមាជិក WTO ចំនួន ១២៨ កំពុងគាំទ្រយ៉ាងសកម្ម ដើម្បីដាក់បញ្ចូលកិច្ចព្រមព្រៀងនេះជាផ្នែកមួយនៃច្បាប់ពាណិជ្ជកម្មសកល។

តំណាង CDC បានសង្កត់ធ្ងន់ថា ការសម្រួលវិនិយោគមិនមែនគ្រាន់តែទាក់ទាញលុយពីបរទេសប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចជាក់ស្តែង តាមរយៈការបង្កើតការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្ទេរបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាប្រកបដោយចីរភាព។

គួរបញ្ជាក់ថា បេសកកម្មសិក្សានេះនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ (ថ្ងៃទី២-៦ ខែមីនា) ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)