ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញអនុស្សរណៈរំលឹកដល់អ្នកជាប់ពន្ធគ្រប់ប្រភេទ ជាពិសេសអ្នកជាប់ពន្ធតូច ឱ្យយល់ដឹងពីគោលការណ៍រំលស់ទ្រព្យអចលនកម្ម (Depreciation) ដែលត្រូវអនុវត្តនៅពេលប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។
គោលការណ៍នេះ មានគោលបំណងជួយសម្រួលដល់សហគ្រាសធុនតូចក្នុងការគ្រប់គ្រងគណនេយ្យ និងកាត់បន្ថយបន្ទុកពន្ធតាមរយៈការទទួលស្គាល់ការថយចុះតម្លៃទ្រព្យសកម្មរបស់ខ្លួន។
តើទ្រព្យអចលនកម្មគឺជាអ្វី?
តាមនិយមន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ទ្រព្យអចលនកម្មសំដៅលើទ្រព្យរូបី ឬអរូបី ដែលប្រើប្រាស់សម្រាប់ប្រកបអាជីវកម្ម និងមានអាយុកាលប្រើប្រាស់លើសពី ១ ឆ្នាំ។ ការរំលស់ត្រូវបានអនុញ្ញាតឱ្យធ្វើនៅពេលដែលទ្រព្យទាំងនោះត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាពរ ។
គោលការណ៍រំលស់សម្រាប់អ្នកជាប់ពន្ធតូច
អគ្គនាយកដ្ឋានពន្ធដារបានរំលេចនូវគោលការណ៍សំខាន់ៗដែលអ្នកជាប់ពន្ធតូចត្រូវយកមកអនុវត្ត ដូចខាងក្រោម ៖
ប្រភេទទ្រព្យអាចរំលស់បាន៖ រួមមាន ដីធ្លី អគារ តូបលក់ទំនិញ រថយន្តដឹកទេសចរណ៍ និងទ្រព្យផ្សេងទៀតដែលប្រើក្នុងអាជីវកម្ម។
ការវាយតម្លៃទ្រព្យដែលមានស្រាប់មុនចុះបញ្ជី៖ ទ្រព្យដែលមានស្រាប់មុនការចុះបញ្ជីជាអ្នកជាប់ពន្ធ ត្រូវបានអនុញ្ញាតឱ្យធ្វើការរំលស់ដោយយកតម្លៃស្មើនឹង ៥០% នៃថ្លៃដើមពេលទិញចូល ឬយកតាមតម្លៃទីផ្សារ។
លក្ខខណ្ឌតម្លៃទ្រព្យ៖ ត្រូវបានអនុញ្ញាតឱ្យកត់ត្រាជាទ្រព្យអចលនកម្ម លុះត្រាតែទ្រព្យនោះបានទិញមកដើម្បីបម្រើសកម្មភាពអាជីវកម្មសុទ្ធសាធ និងមានតម្លៃសរុបពេលទិញចូលចាប់ពី ១ ០០០ ០០០ (មួយលានរៀល) ឡើងទៅក្នុងមួយឯកតា រួមទាំងពន្ធអាករនានា។ ប្រសិនបើតម្លៃក្រោម ១លានរៀល ត្រូវកត់ត្រាជាចំណាយផ្សេងៗវិញ។
ករណីភតិសន្យាហិរញ្ញវត្ថុ៖ ការរំលស់ត្រូវបានអនុញ្ញាតចំពោះតែម្ចាស់ទ្រព្យកំតែប៉ុណ្ណោះ លើកលែងតែក្នុងករណីភតិសន្យាហិរញ្ញវត្ថុ ដែលអ្នកទទួលជួលទ្រព្យជាអ្នកទទួលហានិភ័យក្នុងការបាត់បង់។
ផលប្រយោជន៍សម្រាប់អ្នកជាប់ពន្ធតូច
កាត់បន្ថយប្រាក់ចំណូលជាប់ពន្ធ តាមរយៈការដកការរំលស់ជាចំណាយ។
គ្រប់គ្រងលំហូរសាច់ប្រាក់បានល្អប្រសើរជាងមុន។
អនុវត្តតាមច្បាប់បានត្រឹមត្រូវ ចៀសវាងការផាកពិន័យ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)