រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានប្រកាសចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ក្បាលដីលេខ ០០៣ មានទំហំ ៦.៣៦១៤ហិកតា ស្ថិតនៅភូមិអុីន ឃុំតាឡាវ ស្រុកអណ្ដូងមាស។
ការចុះបញ្ជីនេះធ្វើឡើងក្នុងគោលបំណងធានាសិទ្ធិកាន់កាប់ដីធ្លីប្រពៃណីរបស់សហគមន៍ និងទប់ស្កាត់ការទន្ទ្រានយកដីពីអ្នកខាងក្រៅ។
ដីសមូហភាពនេះ ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រូវបានប្រគល់ឱ្យកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង ដើម្បីគ្រប់គ្រងក្នុងនាមសមាជិកសហគមន៍ទាំងមូល ។
ការទទួលស្គាល់សិទ្ធិប្រពៃណី និងការពារដីដូនតា
ការចុះបញ្ជីដីសមូហភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងពន្លឿនការងារចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស ដើម្បីចេញបណ្ណប្រគល់ជូនប្រជាពលរដ្ឋគ្រប់រូប មិនថាជាដីរដ្ឋ ដីឯកជន ឬដីសមូហភាពនោះទេ ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានចាប់ផ្តើមចុះបញ្ជីដីសមូហភាពជូនសហគមន៍ជនជាតិដើមភាគតិចតាំងពីឆ្នាំ២០០៩ ដោយផ្តោតលើខេត្តភាគឦសាននៃប្រទេស ដូចជា រតនគិរី មណ្ឌលគិរី និងក្រចេះ ដែលជាជម្រករបស់ជនជាតិដើមភាគតិចជាច្រើនដូចជា គ្រឹង ទំពួន មិល ក្រោល និងព្នង។ បច្ចុប្បន្ន ដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចដែលបានចុះបញ្ជីសរុបមានចំនួន ៤១កន្លែង ។
ក្នុងឱកាសចុះប្រគល់បណ្ណកម្មសិទ្ធិសមូហភាពថ្មីៗនេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់បងប្អូនជនជាតិដើមភាគតិចទាំងអស់ ត្រូវរក្សាវិញ្ញាបនបត្រម្ចាស់កម្មសិទ្ធិអចលនវត្ថុសមូហភាពនេះឱ្យបានគង់វង្ស ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ព្រោះថាបណ្ណកម្មសិទ្ធិនេះ នឹងអាចការពារដី ដែលជាទ្រព្យសម្បត្តិដូនតារបស់ពួកគាត់។
លោក ក៏បានបញ្ជាក់ផងដែរថា បន្ទាប់ពីការចេញបណ្ណកម្មសិទ្ធិរួច រាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចនៅតាមសហគមន៍នានាបន្ថែមទៀត។
ការចុះបញ្ជីដីសមូហភាពនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងសិទ្ធិដីធ្លី និងការពារអត្តសញ្ញាណវប្បធម៌របស់ជនជាតិដើមភាគតិចនៅកម្ពុជា ដែលជាផ្នែកមួយនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)