ភ្នំពេញ៖ កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៣១ ដែលជាផ្លូវសេដ្ឋកិច្ចយុទ្ធសាស្ត្រតភ្ជាប់តំបន់ឆ្នេរភាគនិរតីនៃប្រទេស ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ព្រែកចាក) ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគនៅក្នុងតំបន់។
ពិធីសម្ពោធនេះធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិចំនួនបីខ្សែក្នុងពេលតែមួយ រួមមាន ផ្លូវជាតិលេខ៣១, ៣៣ និង ៤១ ដែលមានប្រវែងសរុបជាង ២០០ គីឡូម៉ែត្រ ។
ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣ គីឡូម៉ែត្រ តភ្ជាប់ពីចំណុចបែកគុស (ប្រសព្វជាមួយផ្លូវជាតិលេខ៣) ទៅកាន់ទីរួមស្រុកកំពង់ត្រាច (ប្រសព្វជាមួយផ្លូវជាតិលេខ៣៣) មុនបន្តដំណើរទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាក ។ គម្រោងនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ដោយមានថវិកាប្រមាណជាង ៦០លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការសាងសង់ផ្លូវនេះបានប្រែក្លាយផ្លូវលំហូរក្នុងតំបន់ឱ្យទៅជាផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧ សង់ទីម៉ែត្រ និងទទឹង ១១-១២ ម៉ែត្រ ដែលអាចទ្រទ្រង់ចរាចរណ៍ធុនធ្ងន់ និងការដឹកជញ្ជូនទំនិញឆ្លងដែនប្រកបដោយប្រសិទ្ធភាព ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនគ្រប់ប្រភេទ ។
ផ្លូវនេះគឺជាផ្នែកមួយនៃបណ្តាញផ្លូវថ្នល់យុទ្ធសាស្ត្ររបស់កម្ពុជា ដែលកំពុងប្រែក្លាយតំបន់ឆ្នេរឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើប និងប្រទាក់ក្រឡាគ្នា ត្រៀមទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត។
ការអភិវឌ្ឍនេះស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ និងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជិតខាងក្នុងក្របខ័ណ្ឌអាស៊ាន។
ការជំរុញ "សេដ្ឋកិច្ចពណ៌ខៀវ" (Blue Economy): ការសម្រេចបាននូវផ្លូវជាតិលេខ ៣១ គឺជាផ្នែកមួយនៃផែនការមេដើម្បីប្រែក្លាយខេត្តជាប់សមុទ្រ (កែប និងកំពត) ឱ្យទៅជាប៉ូលសេដ្ឋកិច្ចពហុបំណង។ វានឹងជួយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម និងគ្រឿងសមុទ្រ ទៅកាន់ទីផ្សារអន្តរជាតិបានលឿនជាងមុន និងកាត់បន្ថយចំណាយភស្តុភារកម្ម (Logistics Cost)។
ចរន្តទេសចរណ៍ "ត្រីកោណមាស"៖ អ្នកជំនាញទេសចរណ៍មើលឃើញថា ផ្លូវនេះនឹងបង្កើតជារង្វង់តភ្ជាប់ទេសចរណ៍ដ៏មានឥទ្ធិពលរវាង ភ្នំពេញ-កំពត-កែប និងតភ្ជាប់ទៅកាន់ប្រទេសវៀតណាម។ ភ្ញៀវទេសចរអន្តរជាតិអាចធ្វើដំណើរឆ្លងកាត់តាមច្រកព្រែកចាក ចូលមកកាន់តំបន់ឆ្នេរកម្ពុជាដោយភាពងាយស្រួល ដែលជាកម្លាំងរុញច្រានដល់វិស័យសណ្ឋាគារ និងសេវាកម្មក្នុងស្រុក។
ការឆ្លើយតបទៅនឹង "ខ្សែក្រវាត់ និងផ្លូវ"៖ គម្រោងស្ថាបនាឡើងវិញនូវផ្លូវជាតិនេះ ក៏ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានពីមិត្តចិន ដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងពាណិជ្ជកម្មតំបន់ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឱ្យកាន់តែស៊ីជម្រៅ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)