ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបេសកកម្មស្ទាបស្ទង់ធនធានទឹកយ៉ាងទូលំទូលាយនៅតំបន់ឆ្នេរភាគនិរតីនៃប្រទេស ក្នុងគោលបំណងពង្រឹងសន្តិសុខស្បៀង និងលើកកម្ពស់សមត្ថភាពសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមកាន់តែខ្លាំងឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រតិបត្តិការនេះផ្តោតលើការកំណត់ទីតាំងប្រភពទឹក ប្រព័ន្ធធារាសាស្ត្រ និងបណ្តាញផ្គត់ផ្គង់ទឹកនៅក្នុងភូមិសាស្ត្រខេត្តចំនួនបីគឺ ព្រះសីហនុ កំពត និងកែប។ តំបន់ទាំងនេះ ដែលល្បីល្បាញខាងទេសចរណ៍ធម្មជាតិ និងវិស័យកសិកម្ម កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងពីកំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់លទ្ធភាពទទួលបានទឹកស្អាត និងទឹកសម្រាប់ស្រោចស្រព។
តាមផែនការ ក្រុមការងារនឹងប្រមូលទិន្នន័យលម្អិត ដើម្បីរៀបចំផែនការជីកយកអាចម៍ដី ស្តារប្រឡាយ ព្រែក និងស្រះ ដែលខូចខាត ឬលែងដំណើរការ។ ការស្តារហេដ្ឋារចនាសម្ព័ន្ធទឹកទាំងនេះ នឹងជួយឱ្យសហគមន៍មូលដ្ឋានអាចស្តុកទុកទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង និងទប់ទល់នឹងគ្រោះរាំងស្ងួតដែលកើតឡើងញឹកញាប់ជាងមុន។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត បានថ្លែងថា៖ «ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព គឺជាគន្លឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងនេះនឹងធានាថា ប្រជាពលរដ្ឋគ្រប់រូបមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ទាំងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ផលិតកម្មកសិកម្ម»។
គម្រោងនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រជាតិស្តីពីទឹកស្អាត និងអនាម័យ ដែកម្ពុជាប្តេជ្ញាសម្រេចឱ្យបានត្រឹមឆ្នាំ ២០៣០ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG 6)។
កម្ពុជាបានទទួលការគាំទ្រពីដៃគូអភិវឌ្ឍន៍អន្តរជាតិជាច្រើន រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងធនធានទឹក និងពង្រឹងសន្តិសុខស្បៀង។ ការស្ទាបស្ទង់នាពេលនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយ ដើម្បីធានាថាការវិនិយោគនាពេលអនាគតគឺផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ និងតម្រូវការជាក់ស្តែងរបស់សហគមន៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)