ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងពន្លឿនការវាយតម្លៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (IDP) រយៈពេល១០ឆ្នាំ (២០១៥-២០២៥) ដើម្បីរៀបចំជារបាយការណ៍ជូនគណៈរដ្ឋមន្ត្រីអនុម័ត។
កិច្ចប្រជុំអន្តរក្រសួងមួយត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ក្រោមអធិបតីភាព ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រមាណ ៨០នាក់ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ។
គោលដៅសំខាន់គឺរៀបចំសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិឱ្យបានចប់នៅដើមខែមេសា ឆ្នាំ២០២៦ និងដាក់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យនៅខែមិថុនា មុននឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីអនុម័តជាផ្លូវការ។
តាមរយៈកិច្ចពិភាក្សា អង្គប្រជុំបានផ្តោតលើការបំភ្លឺទិន្នន័យសូចនាករ វិធានការអនុវត្ត និងប្រសិទ្ធភាពនៃយន្តការស្ថាប័នកន្លងមក។ ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបានផ្តល់ពេលពីរសប្តាហ៍ ដើម្បីកែសម្រួលទិន្នន័យ និងផ្តល់ការបំភ្លឺបន្ថែមជាលាយលក្ខណ៍អក្សរ។
ការវាយតម្លៃនេះនឹងកំណត់ពីភាពជោគជ័យ មេរៀន និងបញ្ហាប្រឈមនៃគោលនយោបាយរយៈពេល១០ឆ្នាំ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មនាពេលខាងមុខ។
គូសបញ្ជាក់ថា "នេះមិនមែនគ្រាន់តែជាការបូកសរុបតួរលេខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រឧស្សាហកម្មជំនាន់ថ្មី បន្ទាប់ពីឆ្នាំ ២០២៥ ដើម្បីប្រកួតប្រជែងក្នុងតំបន់ និងសកលលោក៕"
ដោយ៖ មឿន ឌីណា (Moeun Dyna)