ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានរៀបចំកម្មវិធីផ្សាយផ្ទាល់មួយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ "កាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធតូច និងមធ្យម និងគណនេយ្យសាមញ្ញសម្រាប់អ្នកជាប់ពន្ធតូច" ក្នុងគោលបំណងពន្យល់ពីកាតព្វកិច្ចពន្ធដារ និងលើកកម្ពស់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។
កម្មវិធីនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់លោកស្រី មាន សូលី ដោយមានការចូលរួមពីលោក កែន សម្បត្តិ អគ្គនាយករង និងលោក ទូច ជាកាដូ ប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម។
ថ្លែងក្នុងកម្មវិធីនេះ លោក កែន សម្បត្តិ បានលើកឡើងពីភាពខុសគ្នាសំខាន់ៗរវាងអ្នកជាប់ពន្ធតូច និងមធ្យម ដែលប្រជាពលរដ្ឋ និងសហគ្រិនគួរយល់ដឹង រួមមាន៖
-ប្រព័ន្ធគណនេយ្យៈ សហគ្រាសខ្នាតតូចអាចប្រើប្រាស់ប្រព័ន្ធគណនេយ្យសាមញ្ញ ខណៈសហគ្រាសខ្នាតមធ្យមត្រូវអនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ។
-វិក្កយបត្រៈ អាជីវកម្មខ្នាតតូចប្រើវិក្កយបត្រធម្មតា រីឯអាជីវកម្មខ្នាតមធ្យមត្រូវចេញវិក្កយបត្រអាករសម្រាប់អតិថិជនដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។
-ការបង់ពន្ធៈ អាជីវកម្មខ្នាតតូចទទួលបានការបញ្ចុះតម្លៃពិសេស ៨០% សម្រាប់ឥណទានអាករលើធាតុចូល ដោយមិនគិតពីវិក្កយបត្រ ខណៈអាជីវកម្មខ្នាតមធ្យមត្រូវអនុវត្តតាមអត្រាពេញលេញ ១០% និងទាមទារវិក្កយបត្រត្រឹមត្រូវ។
-ពន្ធប៉ាតង់ៈ អាជីវកម្មខ្នាតតូចបង់ពន្ធប៉ាតង់ ៤០០,០០០រៀល (ប្រហែល ១០០ដុល្លារ) ក្នុងមួយឆ្នាំ ចំណែកអាជីវកម្មខ្នាតមធ្យមបង់ ១,២០០,០០០រៀល (ប្រហែល ៣០០ដុល្លារ)។
ការបែងចែកនេះធ្វើឡើងក្នុងគោលបំណងសម្រួលដល់អាជីវកម្មខ្នាតតូច ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ខណៈពេលដែលធានាថាអាជីវកម្មខ្នាតមធ្យមអនុវត្តតាមស្តង់ដារអន្តរជាតិ។
កម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដាររបស់ខ្លួនជាបន្តបន្ទាប់ ដោយណែនាំប្រព័ន្ធប្រកាសពន្ធតាមអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទ ដើម្បីបង្កើនភាពងាយស្រួល និងតម្លាភាព។ វិធានការនេះស្របតាមនិន្នាការសកល ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងធ្វើទំនើបកម្មប្រព័ន្ធពន្ធដាររបស់ពួកគេ ដើម្បីបង្កើនចំណូលរដ្ឋ និងទាក់ទាញវិនិយោគិនបរទេស៕
ដោយ៖ មឿន ឌីណា (Moeun Dyna