ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)។
កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដើម្បីពន្លឿនការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព។
គម្រោង UIDP ផ្តោតលើការអភិវឌ្ឍទីក្រុងចំនួន៤ រួមមាន កំពង់ចាម កំពង់ឆ្នាំង ដូនកែវ និងព្រៃវែង។ ក្នុងកិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានពិភាក្សាលើការរៀបចំសេវាប្រឹក្សាយោបល់ និងវាយតម្លៃលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាព (FSR) របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (ESIAR) ព្រមទាំងប្លង់បច្ចេកទេសលម្អិត (DED)។
គម្រោងនេះនឹងផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំរាម បណ្តាញលូប្រមូលទឹកកខ្វក់ និងបណ្តាញលូប្រមូលទឹកភ្លៀង ក្នុងគោលដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានទីស្នាក់ការនៅទីក្រុងប៉េកាំង គឺជាដៃគូដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់។
គម្រោង UIDP គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពគ្រប់គ្រងទីក្រុង និងធានាបាននូវនិរន្តរភាពបរិស្ថាន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។
បច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងដំណាក់កាលសិក្សាសមិទ្ធិលទ្ធភាព (FSR) និងរៀបចំប្លង់បច្ចេកទេសលម្អិត (DED) ដែលជាជំហានឆ្ពោះទៅរកការបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)