ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូនៃក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង ដឹកនាំដោយឯកឧត្តម Thomas Lam សមាជិករដ្ឋសភាបារាំង និងជាប្រធានក្រុមមិត្តភាព។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី បន្ទាប់ពីប្រទេសទាំងពីរបានបន្តពូនជ្រុំទំនាក់ទំនងជាប្រវត្តិសាស្ត្រអស់រយៈពេលជាច្រើនទសវត្សរ៍។
ក្នុងជំនួបនេះ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូបារាំង និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់បរិយាកាសវិនិយោគ។ ឯកឧត្តមបានលើកឡើងពីចំណុចសំខាន់ៗដូចជា៖ ការដាក់ចេញនូវរបបវិនិយោគអនុគ្រោះខ្ពស់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងរូបវន្ត, ការបណ្តុះបណ្តាលធនធានមនុស្សស្របតាមតម្រូវការទីផ្សារ ព្រមទាំងយន្តការសន្ទនារដ្ឋ-ឯកជនកម្ពុជា-សហភាពអឺរ៉ុបដែលបានដំណើរការដោយជោគជ័យចំនួន៣លើករួចមកហើយ។
ឯកឧត្តមអគ្គលេខាធិការរងក៏បានស្នើឱ្យក្រុមមិត្តភាពទាំងពីរបន្តដាក់ចេញគំនិតផ្តួចផ្តើម និងផែនការសកម្មភាពជាក់ស្តែង ដើម្បីពង្រឹងទំនាក់ទំនងធុរជននៃប្រទេសទាំងពីរ។ ជាពិសេស ឯកឧត្តមបានសង្កត់ធ្ងន់លើការចាប់យកកាលានុវត្តភាពនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៦ ដោយស្នើឱ្យរៀបចំវេទិកាវិនិយោគ និងធុរកិច្ចជាព្រឹត្តិការណ៍អមដ៏សំខាន់មួយ។
ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តម Thomas Lam បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេសក្នុងការកែលម្អបរិយាកាសធុរកិច្ច។
ឯកឧត្តមបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងបានសន្យាថានឹងលើកទឹកចិត្តដល់ធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ ឱ្យមកពង្រីកការវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពដូចជា៖ កសិឧស្សាហកម្ម, ហិរញ្ញវត្ថុ, ទេសចរណ៍, យានយន្ត និងអេឡិចត្រូនិក, សុខាភិបាល និងភស្តុភារកម្ម។
ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដោយចាត់ទុកថានេះជាឱកាសមាសសម្រាប់ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកនិយាយភាសាបារាំង និងទាក់ទាញវិនិយោគិនអន្តរជាតិបន្ថែមទៀត។
ជំនួបនេះ បានបញ្ចប់ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងប្រកួតប្រជែងលើឆាកអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)