Register Already an agent ? Login

កម្ពុជាសម្រួចដាវកែទម្រង់៖ ជំរុញយន្តការ "រដ្ឋ-ឯកជន" ឆ្ពោះទៅរកស្ដង់ដារប្រតិបត្តិថ្មីដើម្បីទាក់ទាញវិនិយោគ

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងបរិយាកាសធុរកិច្ច និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន រាជរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំកម្រិតបច្ចេកទេសដ៏សំខាន់មួយ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីពិនិត្យមើល «ផ្លែផ្កា» នៃការកែទម្រង់ និងរៀបចំ «វិធានការដោះស្រាយ» បែបឌីជីថល និងស្ដង់ដារ។

កិច្ចពិភាក្សាដែលដឹកនាំដោយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានផ្តោតសំខាន់លើរបៀបវារៈធំៗពីរ៖

  1. វាយតម្លៃវិធានការកែទម្រង់មុតស្រួច៖ ពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលបានដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ ដើម្បីធានាថា រាល់បញ្ហារបស់ផ្នែកឯកជនត្រូវបានដោះស្រាយពិតប្រាកដក្នុងឆមាសទី២ ឆ្នាំ២០២៥។
  2. សៀវភៅណែនាំ SOP ថ្មី៖ ការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់យន្តការ G-PSF ដើម្បីធ្វើឱ្យការដោះស្រាយវិវាទ និងសំណូមពររបស់វិនិយោគិនមានភាពច្បាស់លាស់ លឿន និងប្រកបដោយតម្លាភាព។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន សភាពាណិជ្ជកម្មកម្ពុជា និងដៃគូអភិវឌ្ឍន៍សរុបប្រមាណ ៩០ រូប។ ការប្រមូលផ្តុំអ្នកជំនាញ និងអ្នកសម្រេចចិត្តក្នុងសង្វាក់តែមួយនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការសម្របសម្រួលឱ្យផ្នែកឯកជនក្លាយជា "ក្បាលម៉ាស៊ីន" នៃកំណើនសេដ្ឋកិច្ច។

ការបង្កើតសៀវភៅណែនាំ SOP នេះ គឺជាសញ្ញាណវិជ្ជមានមួយទៅកាន់វិនិយោគិនអន្តរជាតិថា កម្ពុជាកំពុងឈានទៅរកការគ្រប់គ្រងតាមបែបទំនើបកម្ម ដែលកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល និងបង្កើនភាពជឿជាក់លើការបោះទុនវិនិយោគរយៈពេលវែង។

"ការកែទម្រង់ដែលមុតស្រួច ត្រូវការយន្តការដោះស្រាយដែលមានស្ដង់ដារ" — នេះគឺជាសារដែលកម្ពុជាកំពុងផ្ញើទៅកាន់ទីផ្សារតំបន់ និងសកលលោក៕

ដោយ៖ មឿន ឌីណា (Mouen Dyna)