Register Already an agent ? Login

បដិវត្តន៍ "មាសក្រហម" នៅកម្ពុជា៖ ម៉ូដែលកសិកម្មទំនើបខ្នាតយក្សកំពុងអង្រួនទីផ្សារពីខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ កម្ពុជាបានបង្ហាញស្នាដៃជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសកលក្នុងការពង្រឹងសន្តិសុខស្បៀង និងកសិកម្មឆ្លាតវៃ។

កិច្ចប្រជុំកំពូលរបស់ក្រុមការងារអន្តរក្រសួងកសិកម្ម-ទឹក-ជនបទ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសំខាន់ៗ និងទីប្រឹក្សាអន្តរជាតិ បានប្រព្រឹត្តទៅនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម និងលោកអាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង ព្រមទាំងលោក Janath J.Rajakaruna ប្រធានទីប្រឹក្សាគម្រោង CASDP។ វត្តមានអ្នកជំនាញអន្តរជាតិនេះ បង្ហាញពីការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ចំពោះយុទ្ធសាស្ត្រកសិកម្មទំនើបរបស់កម្ពុជា។

តាងនាមអាជ្ញាធរមូលដ្ឋាន លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងលោក ម៉ៅ សុវឌ្ឍនា បានចូលរួមក្នុងការពិនិត្យវឌ្ឍនភាពសហគមន៍គោលដៅត្រីវិស័យ។ របាយការណ៍ពីសហគមន៍បានបង្ហាញពីទិន្នន័យគួរឱ្យចាប់អារម្មណ៍៖ សហគមន៍មានដីត្រៀមដាំម្ទេសប្រមាណ ៣០០ហិកតា ដោយមានសមាជិកចំនួន ១៦៥គ្រួសារ។ បច្ចុប្បន្ននេះ គម្រោងបានដាំដុះម្ទេសលើផ្ទៃដី ២២.៥ហិកតា ដែលរួមមានទាំងពូជម្ទេសដៃនាង និងម្ទេសណាលី។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ សហគមន៍ដំណាក់ទ្រយឹងមានផែនការមហិច្ឆតាពង្រីកការដាំម្ទេសបន្ថែម ១០០ហិកតា បន្ថែមដាំបន្លែក្នុងផ្ទះសំណាញ់ ១០០ខ្នង និងពង្រីកកសិដ្ឋានចិញ្ចឹមមាន់ដល់ ១១៥គ្រួសារ ដើម្បីធានាបាននូវចំណូល និងសន្តិសុខស្បៀងជូនសមាជិក។

ក្រោយបញ្ចប់កិច្ចប្រជុំ គណៈប្រតិភូអន្តរក្រសួង និងអ្នកជំនាញអន្តរជាតិបានចុះពិនិត្យទីតាំងដាំដុះផ្ទាល់ ដើម្បីវាយតម្លៃគុណភាពផលិតកម្ម និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមពីការប្រែប្រួលអាកាសធាតុក្នុងតំបន់។ នេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្រៀមរៀបចំខ្លួនសកល ដើម្បីធានាថាការផលិតស្បៀងអាហារនៅតែបន្តឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិ និងក្នុងតំបន់ ប្រកបដោយចីរភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)