Register Already an agent ? Login

កម្ពុជា-អេស្ប៉ាញ ពិភាក្សាលើគម្រោងសាងសង់ស្ពានថ្មី ដោយផ្តោតលើបច្ចេកវិទ្យាទំនើប និងហិរញ្ញប្បទានសម្បទាន

ភ្នំពេញ៖ កម្ពុជាកំពុងពង្រីកវិសាលភាពនៃដៃគូអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុបកាន់តែខ្លាំង។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ម្សិលមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចពិភាក្សាស៊ីជម្រៅជាមួយក្រុមហ៊ុន CENTUNION ដែលជាក្រុមហ៊ុនវិស្វកម្មសាងសង់ស្ពានលំដាប់ពិភពលោកមកពីប្រទេសអេស្ប៉ាញ ដើម្បីពិនិត្យលើ "សំណើបច្ចេកទេស និងហិរញ្ញវត្ថុ" សម្រាប់គម្រោងស្ពានអាទិភាពក្នុងប្រទេស។

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារដ៏សំខាន់មួយជាមួយតំណាងក្រុមហ៊ុន CENTUNION ដែលជាក្រុមហ៊ុនឯកទេសសាងសង់ស្ពានដ៏ល្បីល្បាញមកពីព្រះរាជាណាចក្រអេស្ប៉ាញ។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់នៃក្រសួង រួមជាមួយក្រុមការងារបច្ចេកទេសស្ពានមកពីប្រទេសអេស្ប៉ាញ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ដើម្បី

១. ពិនិត្យលើសំណើបច្ចេកទេស៖ ភាគីទាំងពីរបានពិនិត្យ និងពិភាក្សាលើសំណើបច្ចេកទេសដែលក្រុមការងារចម្រុះបានចុះសិក្សារួមគ្នាកន្លងមក។ ការពិភាក្សាផ្តោតជាពិសេសទៅលើការកំណត់អាទិភាពនៃទីតាំងសាងសង់ស្ពាន និងប្រភេទស្ពានដែលសមស្របតាមលក្ខណៈបច្ចេកទេស និងភូមិសាស្ត្រនៃទីតាំងនីមួយៗ។

២. ការពិភាក្សាលើហិរញ្ញប្បទាន៖ បន្ថែមពីលើបញ្ហាបច្ចេកទេស កិច្ចប្រជុំក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើប្រភេទហិរញ្ញប្បទានដែលភាគីអេស្ប៉ាញគ្រោងផ្តល់ជូន។ នេះបើតាមប្រភពព័ត៌មានជុំវិញកិច្ចប្រជុំ ហិរញ្ញប្បទាននេះត្រូវបានគេរំពឹងថានឹងស្ថិតក្នុងទម្រង់ជា ហិរញ្ញប្បទានសម្បទាន (Concessional Loan) ឬ ហិរញ្ញប្បទានអភិវឌ្ឍន៍ (Development Financing) ដែលមានលក្ខខណ្ឌអនុគ្រោះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។

កិច្ចប្រជុំនេះត្រូវបានវាយតម្លៃថាជាជំហានដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងអេស្ប៉ាញ លើវិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំលម្អិតបន្ថែមទៀត មុនពេលឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឬកិច្ចព្រមព្រៀងជាផ្លូវការនាពេលអនាគត។

តំណាងក្រុមហ៊ុន CENTUNION បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការសហការប្រកបដោយវិជ្ជាជីវៈពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានអះអាងថា ក្រុមហ៊ុនត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបរបស់អេស្ប៉ាញ ដើម្បីធានាថាគម្រោងសាងសង់ស្ពាននាពេលខាងមុខមានគុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងស្របតាមស្តង់ដារអន្តរជាតិ។

ពង្រីកឥទ្ធិពលអឺរ៉ុប ក្នុងវិស័យសំណង់នៅកម្ពុជា

ការចូលខ្លួនមកកាន់តែជិតស្និទ្ធរបស់ក្រុមហ៊ុនអេស្ប៉ាញនាពេលនេះ បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនអឺរ៉ុបមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា។ វាក៏ជាសញ្ញានៃការធ្វើពិពិធកម្មប្រភពទុន និងបច្ចេកវិទ្យា ដែលកម្ពុជាមិនពឹងផ្អែកតែលើប្រភពទុនពីតំបន់អាស៊ីតែមួយមុខឡើយ។

"ការពិនិត្យលើសំណើបច្ចេកទេស និងហិរញ្ញវត្ថុនាពេលនេះ គឺជាជំហានដៅទៅរកការធានាបាននូវសំណង់ដែលមានគុណភាពលំដាប់អន្តរជាតិ និងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុតសម្រាប់ជាតិ"។ បើតាមមន្ត្រីជំនាញនៃក្រសួងសាធារណការ។

គូសបញ្ជាក់ថា ក្រុមហ៊ុន CENTUNION របស់អេស្ប៉ាញ ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយនៅអឺរ៉ុបខាងផ្នែករចនា និងសាងសង់ស្ពានពិសេសៗ ដូចជា ស្ពានអាកាស ស្ពានឆ្លងកាត់សមុទ្រ និងស្ពានប្រភេទពិសេសផ្សេងទៀត។ កិច្ចសហប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញដៃគូប្រទេសអឺរ៉ុបថ្មីៗ មកវិនិយោគ និងផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងប្រទេស បន្ថែមពីលើដៃគូប្រពៃណីដូចជា ចិន ជប៉ុន និងកូរ៉េ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)