Register Already an agent ? Login

កិច្ចព្រមព្រៀង គឺត្រូវតែជាកិច្ចព្រមព្រៀង! សហភាពអឺរ៉ុបផ្ទុះកំហឹង និងព្រមានអាមេរិកជុំវិញការដំឡើងពន្ធថ្មី


ទីក្រុងព្រុចសែល៖ ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរបានឆាបឆេះឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីសហភាពអឺរ៉ុប (EU) បានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា ខ្លួននឹងមិនទទួលយកជាដាច់ខាតនូវការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតុលាការកំពូលអាមេរិកបានលុបចោលពន្ធចាស់ ប៉ុន្តែលោក ដូណាល់ ត្រាំ បែរជាឆ្លើយតបវិញដោយការដាក់ពន្ធថ្មីដែលខ្ពស់ជាងមុនទៅវិញ។

កាលពីថ្ងៃអាទិត្យ គណៈកម្មការអឺរ៉ុបបានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនគោរពតាម «ពាក្យសន្យា» នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំមុន។ ភាពរកាំរកូសនេះបានកើតឡើងភ្លាមៗ ក្រោយពេលតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចលុបចោលពន្ធគយសកលរបស់លោក ត្រាំ កាលពីថ្ងៃសុក្រ ប៉ុន្តែជំនួសឱ្យការបន្ធូរបន្ថយ លោកប្រធានាធិបតីបែរជាប្រកាសដាក់ពន្ធថ្មី ១០% ហើយបង្កើនដល់ ១៥% ត្រឹមតែមួយថ្ងៃបន្ទាប់។

«ស្ថានភាពបច្ចុប្បន្ន មិនមែនជាការធ្វើពាណិជ្ជកម្មដែលយុត្តិធម៌ និងមានតុល្យភាពដូចអ្វីដែលយើងបានព្រមព្រៀងគ្នានោះទេ។ កិច្ចព្រមព្រៀង គឺជាកិច្ចព្រមព្រៀង!»—នេះគឺជាសម្តីដ៏ម៉ឺងម៉ាត់ចេញពីសេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុប។

ខ្លឹមសារនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរធ្លាប់បានចុះហត្ថលេខា៖

-កម្រិតពន្ធអតិបរមា កំណត់ត្រឹម ១៥% លើទំនិញភាគច្រើន។

-ពន្ធសូន្យ អនុវត្តលើផលិតផលយន្តហោះ និងគ្រឿងបន្លាស់។

-ការសម្បទានពីអឺរ៉ុប EU បានយល់ព្រមលុបចោលពន្ធនាំចូលលើទំនិញអាមេរិកជាច្រើន និងសុខចិត្តដកការគំរាមកំហែងសងសឹកតាមផ្លូវពាណិជ្ជកម្ម។

សហភាពអឺរ៉ុបបានបញ្ជាក់ថា ការសម្រេចចិត្តដែលមិនអាចទាយទុកជាមុនបានរបស់អាមេរិក កំពុងបំផ្លាញទំនុកចិត្តលើទីផ្សារសកល។ កាលពីថ្ងៃសៅរ៍កន្លងទៅ ស្នងការពាណិជ្ជកម្ម EU លោក Maros Sefcovic បានជួបពិភាក្សាយ៉ាងតានតឹងជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick ដើម្បីស្វែងរកពន្លឺយុត្តិធម៌។

បច្ចុប្បន្ន ពិភពលោកកំពុងតាមដានមើលថា តើទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ «ភាពច្បាស់លាស់» បែបណាដល់អឺរ៉ុប ឬមួយក៏សង្គ្រាមពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកនឹងត្រូវផ្ទុះឡើងជាថ្មីម្តងទៀត?៕

ប្រភព៖ Yahoo Finance

ប្រសម្រួលដោយ៖ MD-Angkor

RELATED ARTICLES

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល
Fri, 15 May 2026
រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីកសាងនិងអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត
Fri, 15 May 2026
ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
Fri, 15 May 2026