Register Already an agent ? Login

ទម្លាយតួលេខពាណិជ្ជកម្មកម្ពុជា-RCEP សម្រេចបានជាង ៣.៧៦ពាន់លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទឹកប្រាក់ជាង ៣.៧៦ពាន់លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២៦ ដែលជាសញ្ញាបញ្ជាក់ពីភាពរឹងមាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ បើទោះបីជាស្ថានភាពពិភពលោកមិនច្បាស់លាស់ក៏ដោយ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ក្នុងចំណោមទឹកប្រាក់សរុបនេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារ RCEP មានទឹកប្រាក់ជាង ៩២៧លានដុល្លារ កើនឡើង ១៩,៣៤% និងនាំចូលពីបណ្តាប្រទេសសមាជិកវិញប្រមាណ ២,៨៣ពាន់លានដុល្លារ កើនឡើង ១៣,៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមាន បណ្តាប្រទេសអាស៊ានទាំង ១០ និងដៃគូចំនួន ៥ ទៀតគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

ចិន វៀតណាម និងជប៉ុន នៅតែជាដៃគូកំពូល

តួលេខបង្ហាញថា វៀតណាមជាគោលដៅនាំចេញធំជាងគេរបស់កម្ពុជាក្នុងប្លុក RCEP ដោយមានទឹកប្រាក់ជាង ៣៣៧លានដុល្លារ (កើន ២១,១%) តាមពីក្រោយដោយ ជប៉ុន (១៧៦,៣លានដុល្លារ) ចិន (១៦៤,១៦លានដុល្លារ) និងកូរ៉េខាងត្បូង (៣៤,៦លានដុល្លារ)។ គួរកត់សម្គាល់ថា ការនាំចេញទៅកាន់ទីផ្សារចិនមានកំណើនខ្លាំងជាងគេរហូតដល់ ៥៩,៣%។

ផ្នែកនាំចូលវិញ ចិននៅតែជាប្រភពនាំចូលធំជាងគេរបស់កម្ពុជា ដោយមានទឹកប្រាក់ជាង ១,៧៤ពាន់លានដុល្លារ (កើន ១៩,៩%) បន្ទាប់មកគឺវៀតណាម សិង្ហបុរី ថៃ ម៉ាឡេស៊ី និងជប៉ុន។ ការនាំចូលពីសិង្ហបុរីមានកំណើនគួរឱ្យកត់សម្គាល់រហូតដល់ ២៥២%។

កម្ពុជាត្រូវបន្តពង្រឹងសមត្ថភាពផលិតកម្ម

លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា RCEP គឺជាកិច្ចព្រមព្រៀងដ៏សំខាន់សម្រាប់កម្ពុជា ដោយសារតែមានការចូលរួមពីសេដ្ឋកិច្ចធំៗរបស់ពិភពលោក។ លោកបានបន្តថា នៅក្នុងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ការមានទីផ្សារចម្រុះដូច RCEP គឺជាកត្តាទ្រទ្រង់ដ៏សំខាន់។

លោកថ្លែងថា៖ «កិច្ចព្រមព្រៀងនេះមិនត្រឹមតែជួយជំរុញការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញវិនិយោគិនលំដាប់អន្តរជាតិឱ្យមកបោះទុននៅកម្ពុជាផងដែរ»។ ទោះយ៉ាងណា លោកសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពផលិតកម្មឱ្យកាន់តែប្រសើរ និងបត់បែនទៅតាមតម្រូវការទីផ្សារ។

នាំចូលច្រើន មិនមែនជាក្តីបារម្ភ

ទោះបីជាតួលេខនាំចូលមានចំនួនច្រើនជាងនាំចេញក៏ដោយ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានពន្យល់ថា ទំនិញនាំចូលភាគច្រើនសុទ្ធតែជាវត្ថុធាតុដើម គ្រឿងបន្លាស់ និងប្រេងឥន្ធនៈ ដែលត្រូវបានប្រើប្រាស់សម្រាប់កែច្នៃ និងផលិតជាទំនិញនាំចេញទៅកាន់ទីផ្សារអន្តរជាតិបន្តទៀត។

គួររំលឹកថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសសមាជិក RCEP សម្រេចបានរហូតដល់ជាង ៤០,២៣ពាន់លានដុល្លារ កើនឡើង ១៦,២៦% បើធៀបនឹងឆ្នាំ២០២៤។ នេះបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃ RCEP សម្រាប់សេដ្ឋកិច្ចកម្ពុជា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)