ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុងអ៊ីនឆន (Incheon) នៃសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី បន្ទាប់ពីមានការថយចុះគួរឱ្យកត់សម្គាល់នៃលំហូរវិនិយោគពីកូរ៉េក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កិច្ចពិភាក្សានាព្រឹកថ្ងៃដដែលនេះ ធ្វើឡើងរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោក Joo Bong Park ប្រធានសភាពាណិជ្ជកម្មក្រុងអ៊ីនឆន។
ឯកឧត្តម ជា វុទ្ធី បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូកូរ៉េ ដោយគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដើម្បីធ្វើយ៉ាងណាស្តារនូវទំនុកចិត្ត និងទាក់ទាញវិនិយោគិនកូរ៉េឱ្យវិលត្រឡប់មកកាន់ទីផ្សារកម្ពុជាវិញ។
លោកបានរំលឹកថា ចាប់តាំងពីមានកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការលើកទឹកចិត្ត និងការពារវិនិយោគក្នុងឆ្នាំ១៩៩៩ វិនិយោគិនកូរ៉េធ្លាប់ជាដៃគូដ៏សំខាន់របស់កម្ពុជា។ ទោះយ៉ាងណា លោកបានសារភាពថា សម្ទុះវិនិយោគនាពេលថ្មីៗនេះមានភាពយឺតយ៉ាវ ដោយសារកត្តាព័ត៌មានមិនច្បាស់លាស់មួយចំនួន។
ដើម្បីទប់ស្កាត់បញ្ហានេះ ឯកឧត្តមបានជំរុញឱ្យភាគីកូរ៉េទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀង RCEP ព្រមទាំងបានធានាពីការកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងយន្តការដោះស្រាយបញ្ហាវិនិយោគិនតាមរយៈកិច្ចសន្ទនារដ្ឋ-ឯកជនកម្ពុជា-កូរ៉េ ដែលបានរៀបចំចំនួនពីរលើករួចមកហើយ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក Joo Bong Park ប្រធានសភាពាណិជ្ជកម្មក្រុងអ៊ីនឆន បានចាត់ទុកកម្ពុជាជា "ស្រុកកំណើតទីពីរ" របស់លោក និងបានសន្យាថានឹងជំរុញឱ្យធុរជនកូរ៉េមកស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅកម្ពុជា។
លោក Park បានសង្កត់ធ្ងន់ថា ការមកដល់ដោយផ្ទាល់របស់វិនិយោគិនកូរ៉េនឹងជួយ "លុបបំបាត់រាល់ព័ត៌មានមិនពិត" ដែលបានកើតឡើងកន្លងមក។ ជាងនេះទៅទៀត លោកបានបង្ហាញពីគម្រោងជាក់ស្តែងមួយ គឺការពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់កូរ៉េ។
កិច្ចប្រជុំនេះបានបិទបញ្ចប់ដោយជោគជ័យ តាមរយៈការចុះហត្ថលេខាលើលិខិតសម្តែងបំណង (Letter of Intent) ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគរវាងស្ថាប័នទាំងពីរ ដែលជាជំហានដ៏សំខាន់មួយដើម្បីបើកទ្វារឱ្យមានលំហូរវិនិយោគជាក់ស្តែងពីកូរ៉េមកកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)