Register Already an agent ? Login

ផ្លូវជាតិលេខ៧១C៖ សរសៃឈាមសេដ្ឋកិច្ចថ្មីតភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍

ត្បូងឃ្មុំ៖ ផ្លូវជាតិលេខ៧១C ដែលជាខ្សែផ្លូវយុទ្ធសាស្ត្រប្រវែង ១១៤,៦២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ នៅខេត្តត្បូងឃ្មុំ ទៅកាន់ផ្លូវជាតិលេខ៧១ នៅខេត្តកំពង់ចាម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចរាចរណ៍សេដ្ឋកិច្ចក្នុងតំបន់។

ផ្លូវជាតិនេះបាននិងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា ។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា-វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ ។

គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម) ត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវជាតិលេខ៧១C នេះចំណាយថវិកាសាងសង់ប្រមាណ ១៣៣លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលនេះនឹងជួយលើកកម្ពស់ប្រសិទ្ធិភាពនៃការនាំចេញផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ ព្រមទាំងទាក់ទាញទេសចរណ៍ និងវិនិយោគិនបន្ថែមទៀត ឱ្យមកកាន់តំបន់នេះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)