Register Already an agent ? Login

កម្ពុជា ជំរុញដំណោះស្រាយវិវាទដីធ្លី ប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តជំរុញការដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយពេលយូរ ដោយថ្មីៗនេះ បានប្រគល់ឯកសារបញ្ជាក់កម្មសិទ្ធិដីទំហំ ៤ហិកតា ពីម្ចាស់ដីដើម ទៅឱ្យមន្ទីរសុរិយោដីខេត្ត ដើម្បីធ្វើការបំបែក និងចែកជូនប្រជាពលរដ្ឋតាមនីតិវិធី។

សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបិទបញ្ចប់វិវាទនៅក្នុងគម្រោងដីឡូតិ៍ "ភូមិមរតក ថ្មស" និង "ភូមិស្វាយរៀង" ឱ្យបានចប់សព្វគ្រប់នៅពេលឆាប់ៗនេះ។

នេះជាផ្នែកមួយនៃដំណើរការដោះស្រាយវិវាទដីធ្លីជាប្រព័ន្ធនៅកម្ពុជា។ ជាក់ស្តែង សម្រាប់គម្រោង "ភូមិមរតក" តែមួយ ក្រសួងបានធ្វើការប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាច្រើនលើករួចមកហើយ។ កាលពីខែមករា ឆ្នាំ២០២៦ ក្រសួងបានប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុចំនួន ២០៧បណ្ណ បន្ថែមទៀតជូនអតិថិជននៃគម្រោងនេះ ដែលជាលើកទីពីរ បន្ទាប់ពីលើកដំបូងធ្លាប់បានប្រគល់ចំនួន ១២៩បណ្ណ។ សរុបទាំងពីរលើកមានចំនួន ៣៣៦បណ្ណ ហើយនៅមានដីឡូត៍ដែលកំពុងរៀបចំបន្តចំនួន ៤៣៤បណ្ណទៀត ដែលនឹងត្រូវដោះស្រាយជូននៅពេលខាងមុខ ។

ថ្នាក់ដឹកនាំក្រសួង ក៏បានមានប្រសាសន៍ថា នឹងបន្តធ្វើការជាមួយរដ្ឋបាលខេត្ត ដើម្បីប្រែក្លាយគម្រោងដីឡូតិ៍ទាំងនេះឱ្យទៅជាផ្នែកមួយនៃភូមិដែលមានស្រាប់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមរៀបចំលក្ខណៈនៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត ។

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយអនុរដ្ឋលេខាធិការ លោក ឡោះ ម៉ាន បានប្រជុំពិនិត្យកិច្ចការដែលនៅសេសសល់ និងបានប្រគល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានពីម្ចាស់ដីដើមទំហំ ៤ហិកតា ជូនលោកប្រធានមន្ទីរ ដ.ន.ស.ស ខេត្តស្វាយរៀង ដើម្បីអាចយកទៅបំបែកជូនប្រជាពលរដ្ឋតាមនិត្តិវិធី សំដៅបិទបញ្ចប់វិវាទករណីដីឡូគម្រោង ភូមិមរតក ថ្មស និងគម្រោងភូមិស្វាយរៀង ឲ្យបានចប់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខ។

សូមរម្លឹកផងដែរថា បញ្ហាវិវាទដីធ្លីគឺជាបញ្ហាប្រឈមរ៉ាំរ៉ៃនៅកម្ពុជា។ កាលពីឆ្នាំ២០១៨ ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងខ្លួនឯង ធ្លាប់បានប្រមូលផ្តុំគ្នាតវ៉ា ទាមទារឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីដែលអូសបន្លាយអស់រយៈពេលជិត ១០ឆ្នាំ ។

ទោះជាយ៉ាងណា ថ្មីៗនេះ ខេត្តស្វាយរៀង ត្រូវបានប្រកាសជាខេត្តទី៣ ដែលបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបានចែកបណ្ណកម្មសិទ្ធិដីធ្លីអស់ជាច្រើនម៉ឺនបណ្ណជូនប្រជាពលរដ្ឋ។ ក្នុងរយៈពេល៥ឆ្នាំ ខេត្តស្វាយរៀងបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានជាង ១៣ម៉ឺនក្បាលដី និងដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការបានជិត ៤០០បណ្តឹង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)