Register Already an agent ? Login

កម្ពុជា-អាម៉េរិក បើកទំព័រថ្មីទំនាក់ទំនងសេដ្ឋកិច្ច រុញពាណិជ្ជកម្មកើនជិត ៣០% សម្រេចកិច្ចព្រមព្រៀងពន្ធអនុគ្រោះ ១៩%

វ៉ាស៊ីនតោន៖ នៅក្នុងជំនួបប្រវត្តិសាស្ត្រមួយ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងឱកាសដែលសម្ដេចធិបតីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace)

ក្នុងជំនួបនេះ ភាគីអាម៉េរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសផ្នែកពាណិជ្ជកម្ម។ លោក Greer បានគូសបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងឆ្នាំ២០២៤ ព្រមទាំងការវិនិយោគរបស់អាម៉េរិកនៅកម្ពុជាក៏មានកំណើនគួរឱ្យកត់សម្គាល់ ដែលជាសញ្ញានៃការជឿទុកចិត្តគ្នាកាន់តែខ្លាំងឡើង។

ជាការឆ្លើយតប សម្ដេចធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាណិជ្ជកម្មអាម៉េរិក ដែលបានចរចារហូតឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយកំណត់អត្រាពន្ធ **ត្រឹម ១៩% លើទំនិញកម្ពុជានាំចូលទីផ្សារអាម៉េរិក។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បានសម្ដែងការដឹងគុណចំពោះ ប្រធានាធិបតី Donald J. Trump ចំពោះការគាំទ្រដំណើរការសន្តិភាពកម្ពុជា-ថៃ តាមរយៈការជំរុញឲ្យមានបទឈប់បាញ់កាលពីខែកក្កដា ២០២៥ ព្រមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ (តុលា ២០២៥) និងសេចក្ដីប្រកាសរួមខែធ្នូ ២០២៥ ដែលជាមូលដ្ឋានគ្រឹះនៃការកសាងសន្តិភាពយូរអង្វែងក្នុងតំបន់។

ថ្នាក់ដឹកនាំទាំងពីរបានសម្ដែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនងទ្វេភាគីនឹងបន្តរីកចម្រើនថែមទៀត តាមរយៈការជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជានឹងបន្តខិតខំបំពេញនីតិវិធីនានា ដើម្បីអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដើម្បីឧត្តមប្រយោជន៍រួម។

គួរបញ្ជាក់ថា កម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបញ្ចប់រាល់នីតិវិធីច្បាប់ដែលនៅសេសសល់ ដើម្បីធានាថា "កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ" នឹងត្រូវអនុវត្តពេញលេញ ១០០%។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើចំណុចគន្លឹះចំនួន ៣៖

ការពង្រីកវិស័យសក្តានុពល៖ មិនត្រឹមតែវាយនភណ្ឌឡើយ ប៉ុន្តែផ្តោតលើបច្ចេកវិទ្យា និងថាមពល។

ការដោះស្រាយបញ្ហាសេសសល់៖ បង្កើនយន្តការចរចាដើម្បីសម្រួលដល់រំហូរពាណិជ្ជកម្ម។

ឧត្តមប្រយោជន៍ទ្វេភាគី៖ បង្កើតបរិយាកាសវិនិយោគដែលផ្តល់ផលចំណេញដល់ប្រជាជាតិទាំងពីរ។

ជំនួបនេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងអនុវត្តគោលនយោបាយការបរទេស "ពហុភាគីនិយម" យ៉ាងរស់រវើក ដោយទាញយកប្រយោជន៍ពីសហរដ្ឋអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ស្របពេលដែលអាម៉េរិកក៏មើលឃើញកម្ពុជាជាដៃគូសេដ្ឋកិច្ចដ៏មានសក្តានុពលមិនអាចខ្វះបានក្នុងតំបន់អាស៊ាន។

លើសពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងរកដំណោះស្រាយចំពោះបញ្ហាដែលនៅសេសសល់ ក្នុងគោលដៅពង្រីករំហូរពាណិជ្ជកម្ម និងទាក់ទាញវិនិយោគពីអាម៉េរិកឲ្យកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ៕

ដោយ៖ មឿន ឌីណា  (Moeun Dyna)