ភ្នំពេញ៖ ក្រុមហ៊ុន IDECGROUP ASIA ដែលជាក្រុមហ៊ុនចម្រុះរវាងក្រុមហ៊ុនបារាំង GROUPE IDEC និង ARCHETYPE GROUP បានសម្ដែងចំណាប់អារម្មណ៍ចង់ពង្រីកដៃវិនិយោគនៅកម្ពុជា ដោយផ្ដោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឧស្សាហកម្មបៃតង និងដំណោះស្រាយថាមពល។
នៅក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី១៩ កុម្ភៈ ភាគីក្រុមហ៊ុនដែលដឹកនាំដោយលោក Francois MAGNIER អគ្គនាយក បានពិភាក្សាយ៉ាងក្បោះក្បាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការបានលើកទឹកចិត្តឲ្យក្រុមហ៊ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្ដោតលើឧស្សាហកម្មជាក់លាក់ និងប្រើប្រាស់ជំនាញសាងសង់របស់ខ្លួនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាងនេះទៅទៀត ភាគីកម្ពុជាបានចង្អុលបង្ហាញពីវិស័យសក្តានុពលដែលជាឱកាសមាសសម្រាប់វិនិយោគិន ដើម្បីនាំចេញទៅទីផ្សារពិភពលោក ជំនួសឱ្យការនាំចេញវត្ថុធាតុដើម។ រួមមាន៖
- ការកែច្នៃស្រូវ
- កែច្នៃស្វាយចន្ទី
- កែច្នៃជ័រកៅស៊ូ
- ឧស្សាហកម្មឈើដាំ
ការជួបពិភាក្សានេះបង្ហាញពីភាពទាក់ទាញនៃបរិយាកាសវិនិយោគកម្ពុជា ដែលកំពុងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិឲ្យមកស្វែងរកឱកាសថ្មីៗ ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងបច្ចេកវិទ្យាបៃតង។
"នេះគឺជាឱកាសមាសសម្រាប់ IDECGROUP ASIA ក្នុងការប្រើប្រាស់ជំនាញបច្ចេកទេសកម្រិតខ្ពស់របស់ខ្លួន ដើម្បីទាញយកផលចំណេញពីសក្តានុពលកសិកម្ម និងឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់កម្ពុជា។"
គួរបញ្ជាក់ថា ការឈានជើងចូលរបស់ IDECGROUP ASIA មិនត្រឹមតែនាំមកនូវទឹកប្រាក់វិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវ "បច្ចេកវិទ្យាបៃតង" និង "ស្តង់ដារសំណង់អន្តរជាតិ" ដែលនឹងជួយរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែទំនើបជាងមុន។
ក្រុមហ៊ុន IDECGROUP ASIA មិនមែនជាក្រុមហ៊ុនធម្មតាទេ ប៉ុន្តែគឺជា "អ្នកជំនាញកម្រិតពិភពលោក" លើវិស័យ៖ សំណង់ និងការរចនាប្លង់ៈ បច្ចេកវិទ្យាសាងសង់ទំនើប, ថាមពលស្អាត និងឧស្សាហកម្មបៃតងៈ ផ្តោតលើចីរភាពបរិស្ថាន និងភស្តុភារកម្ម (Logistics): ការដឹកជញ្ជូន និងឃ្លាំងទំនិញឆ្លាតវៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)