Register Already an agent ? Login

ជប៉ុនប្រកាសថវិកា ១លានដុល្លារ ជួយអតីតពលករខ្មែររាប់សែននាក់ដែលវិលត្រឡប់ពីថៃ ឱ្យមានការងារធ្វើ!

ភ្នំពេញ៖ ក្រោយពេលមានការប៉ះទង្គិចព្រំដែន ដែលបង្ខំឱ្យពលករខ្មែរជាង ៩៥ម៉ឺននាក់ ត្រឡប់មកពីថៃវិញ  រដ្ឋាភិបាលជប៉ុនបានដាក់ដៃជួយភ្លាមៗ! ថវិកាជិត ១លានដុល្លារ (ប្រហែល ១៥៦លានយ៉េន) ត្រូវបានផ្តល់ជូនតាមរយៈអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីបើកវគ្គបណ្តុះបណ្តាលជំនាញ និងបង្កើតការងារជូនបងប្អូនដែលកំពុងជួបការលំបាក។

ក្នុងជំហានថ្មីមួយដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ១លានដុល្លារអាមេរិក តាមរយៈអង្គការអន្តរជាតិ ដើម្បីគាំទ្រដល់អតីតពលករកម្ពុជាដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យមានឱកាសកសាងជីវភាពថ្មីនៅលើទឹកដីកំណើត។

ពិធីចុះហត្ថលេខាលើគម្រោង «ការលើកកម្ពស់ជីវភាព និងការងារសម្រាប់ពលករចំណាកស្រុកដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន» ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុនប្រចាំរាជធានីភ្នំពេញ ។

ថ្នាក់ដឹកនាំសំខាន់ៗដែលចូលរួមមាន៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ជាអធិបតី) ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា (ចុះហត្ថលេខា) លោកស្រី Xiaoyan Qian នាយកការិយាល័យ ILO ប្រចាំកម្ពុជា ឡាវ និងថៃ (ចុះហត្ថលេខា)។

គម្រោងរយៈពេល ២៤ខែ នេះ នឹងផ្តោតសំខាន់លើការស្តារជីវភាព និងបញ្ចូលពលករទៅក្នុងទីផ្សាការងារក្នុងស្រុកវិញ។

ថវិកានេះនឹងត្រូវយកទៅបង្កើត មជ្ឈមណ្ឌលធនធានសម្រាប់ពលករចំណាកស្រុក បន្ថែមទៀត នៅតាមបណ្តាខេត្តដែលមានអតីតពលករច្រើនជាងគេ ៖ ខេត្ត ឧត្តរមានជ័យ, ខេត្ត ពោធិ៍សាត់ និងខេត្ត ព្រះវិហារ។ មជ្ឈមណ្ឌលទាំងនេះនឹងផ្តល់សេវាកម្មដូចជា ការប្រឹក្សាយោបល់ ការផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។

ការបណ្តុះបណ្តាលជំនាញ វគ្គបណ្តុះបណ្តាលខ្លីៗ តាមតម្រូវការទីផ្សារ, ប្រព័ន្ធ ទទួលស្គាល់ជំនាញពីមុន (RPL) និងការបណ្តុះបណ្តាលស្តីពីភាពជាសហគ្រិន។

ឯកឧត្តក UENO Atsushi បានថ្លែងថា ជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និង ILO ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលកំពុងវិលត្រឡប់មកវិញ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះសន្តិសុខមនុស្ស និងស្ថិរភាពក្នុងតំបន់ ។

ឯកឧត្តម ហេង សួរ បានលើកឡើងថា គម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ។

លោកស្រី Xiaoyan Qian បានសង្កត់ធ្ងន់ថា គម្រោងនេះនឹងពង្រឹងប្រព័ន្ធសមាហរណកម្មជាតិ ដោយភ្ជាប់ការទទួលស្គាល់ជំនាញ ការផ្គូផ្គងការងារ និងការការពារសង្គម។

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែមករា ក្រសួងការងារបានប៉ាន់ប្រមាណថា ក្នុងចំណោមពលករជាង ៩៥ម៉ឺននាក់ដែលវិលត្រឡប់មកវិញ មានប្រមាណជាង ៦៤ម៉ឺននាក់ (ប្រហែល ៦៧%) ទទួលបានការងារធ្វើហើយ ទាំងក្នុងវិស័យក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ជាពិសេសផ្នែកកសិកម្ម ឧស្សាហកម្ម និងសំណង់ ។

ថវិកាជំនួយថ្មីនេះ នឹងជួយដល់អតីតពលករដែលនៅសេសសល់ ឱ្យពួកគាត់អាចកសាងជីវិតថ្មីប្រកបដោយភាពថ្លៃថ្នូរ និងចីរភាពនៅក្នុងទឹកដីកំណើត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)