សៀមរាប៖ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស.ស.) ខេត្តសៀមរាប បានរៀបចំពិធីបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យទិន្នន័យក្បាលដី សរុបចំនួន១០,៥៩៧ក្បាលដី ជូនជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពួក។
ពិធីនេះប្រព្រឹត្តទៅ នៅក្នុងបរិវេណវត្តធិបតីពោធិរាម (ហៅវត្តធិបតី) ក្រោមអធិបតីភាព លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល អភិបាលខេត្តសៀមរាប។
គ្របដណ្តប់ ១០ភូមិ ក្នុងឃុំត្រីញ័រ
ឯកសារវិនិច្ឆ័យទិន្នន័យក្បាលដីទាំង ១០,៥៩៧ក្បាលដីនេះ ត្រូវបានបិទផ្សាយជូនដល់ប្រជាពលរដ្ឋនៅក្នុង ភូមិចំបក់ស ភូមិគោកដូង ភូមិស្វាយ ភូមិតាហុក ភូមិធិបតី ភូមិជួយចក្រី ភូមិឈូក ភូមិត្រីញ័រ ភូមិធ្វាស និងភូមិត្រពាំងព្រីង ដែលសុទ្ធតែស្ថិតនៅក្នុង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ពង្រឹងសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី
ការបិទផ្សាយជាសាធារណៈនេះ គឺជាដំណើរការមួយដ៏សំខាន់ក្នុងការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ បានត្រួតពិនិត្យ និងបញ្ចេញមតិយោបល់ ឬការជំទាស់ណាមួយ (ប្រសិនបើមាន) មុនពេលឈានទៅចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាផ្លូវការ។
នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខសិទ្ធិកាន់កាប់ដីធ្លី កាត់បន្ថយវិវាទ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការធានាសិទ្ធិអចលនទ្រព្យ។
គួរបញ្ជាក់ផងដែរថា ការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស កំពុងបន្តដំណើរការយ៉ាងសកម្ម ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តនីមួយៗ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិមានសុវត្ថិភាព។
ជាពិសេសនៅក្នុងតំបន់រង្វង់មរតកអង្គរ ការរៀបចំដែនដីត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីរក្សាបាននូវគុណតម្លៃបេតិកភណ្ឌពិភពលោក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)