Register Already an agent ? Login

កម្ពុជាបោះជំហានយ៉ាងខ្លាំងឆ្ពោះទៅរកអនាគតបៃតង ជាមួយគម្រោងថាមពលពន្លឺព្រះអាទិត្យយក្ស គាំទ្រដោយ ADB

ភ្នំពេញ៖ កម្ពុជាកំពុងពន្លឿនការផ្លាស់ប្តូររបស់ខ្លួនឆ្ពោះទៅរកថាមពលស្អាត ជាមួយនឹងគម្រោងឧទ្យានថាមពលពន្លឺព្រះអាទិត្យដ៏មហិមា ដែលមិនត្រឹមតែជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅអាកាសធាតុជាតិផងដែរ។

គម្រោងនេះ ដែលទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់បានប្រមាណ ១៤៨,៦៥០ តោនក្នុងមួយឆ្នាំ ឬសរុបប្រហែល ៣.៨៦លានតោន ក្នុងរយៈពេល ២៥ឆ្នាំខាងមុខ។

ការវិនិយោគយុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍថាមពលជាតិ (២០២២–២០៤០) របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលដៅដ៏មានមហិច្ឆតាក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញឲ្យបាន ៧០ ភាគរយនៅត្រឹមឆ្នាំ ២០៣០។ គម្រោងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មប្រភពថាមពល កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងធានាសន្តិសុខថាមពលសម្រាប់អនាគត។

ការគាំទ្រនេះ ស្របតាមទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២៦ របស់ ADB ដែលកំពុងតែដាក់បញ្ចូលការពង្រឹងភាពធន់នឹងអាកាសធាតុទៅក្នុងរាល់ប្រតិបត្តិការរបស់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេ៘ មានគោលដៅជួយប្រទេសជាសមាជិក ដូចជាកម្ពុជា ក្នុងការជៀសវាងការខាតបង់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ បង្កើនសក្តានុពលនៃកំណើនប្រកបដោយចីរភាព និងការពារសហគមន៍មូលដ្ឋាន ខណៈពេលដែលធានាបាននូវការគ្រប់គ្រងបរិស្ថានប្រកបដោយនិរន្តរភាព។

ការវិនិយោគឆ្លើយតបនឹងតម្រូវការជាក់ស្តែង

ថ្លែងក្នុងពិធីប្រកាសគម្រោង លោកស្រី ស៊ីឌីគិ តំណាងជាន់ខ្ពស់ ADB ប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា ការវិនិយោគនេះគឺផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រទេស។ លោកស្រីបានមានប្រសាសន៍ថា ៖ «ការវិនិយោគរបស់យើងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ គឺផ្អែកលើតម្រូវការពិត និងស្របតាមអាទិភាពជាតិ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការបង្កើតការងារ»។

នៅពេលដែលតម្រូវការអគ្គិសនីរបស់កម្ពុជាបន្តកើនឡើង ស្របទៅនឹងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស ឧទ្យានថាមពលពន្លឺព្រះអាទិត្យនេះ កំពុងក្លាយជាការវិនិយោគយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ក្រៅពីផ្តល់អត្ថប្រយោជន៍ផ្នែកបរិស្ថាន គម្រោងនេះនឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្មអគ្គិសនី បង្កើនសុវត្ថិភាព និងភាពជឿជាក់នៃការផ្គត់ផ្គង់ថាមពល និងបើកផ្លូវឲ្យកម្ពុជាឆ្ពោះទៅកាន់ប្រព័ន្ធថាមពលបៃតងដែលមានភាពធន់ និងចីរភាពជាងមុនសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ កម្ពុជាបានសរសេរប្រវត្តិសាស្ត្រថាមពលឡើងវិញ៖

  • ឆ្នាំ២០១១៖ កម្ពុជាពឹងផ្អែកលើការនាំចូលថាមពលដល់ទៅ ៦៤%
  • បច្ចុប្បន្ន៖ ការនាំចូលបានធ្លាក់ចុះមកនៅត្រឹមតែប្រហែល ១០% ប៉ុណ្ណោះ។ ការអភិវឌ្ឍឧទ្យានសូឡានេះ បានធ្វើឱ្យរាជធានីភ្នំពេញទទួលបានប្រភពថាមពលស្អាតដល់ទៅ មួយភាគបួន នៃតម្រូវការសរុប ដែលនេះជាជ័យជម្នះដ៏ធំធេងនៃសន្តិសុខថាមពលជាតិ។

ក្នុងយុគសម័យដែលសន្តិសុខថាមពលបានក្លាយជាអាទិភាពខ្ពស់បំផុតលើសកលលោក កម្ពុជាបានបោះជំហានជាប្រវត្តិសាស្ត្រតាមរយៈការដាក់ឱ្យដំណើរការនូវ «ឧទ្យានជាតិថាមពលសូឡា» ដ៏មហិមាក្នុងខេត្តកំពង់ឆ្នាំង។ នេះមិនមែនគ្រាន់តែជាការដំឡើងផ្ទាំងសូឡាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចដែលបានធ្វើឱ្យថ្លៃអគ្គិសនីធ្លាក់ចុះ និងកាត់បន្ថយការពឹងផ្អែកលើថាមពលពីបរទេសយ៉ាងគំហុក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)