Register Already an agent ? Login

បារាំងគាំទ្រថវិកាសិក្សាគម្រោងអនាម័យថ្មីនៅភ្នំពេញ ឆ្លើយតបនឹងតម្រូវការកំណើនទីក្រុង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងអង្គការហ្គ្រេត (GRET) ដើម្បីពិនិត្យលទ្ធភាពនៃការសិក្សារៀបចំគម្រោងអនាម័យថ្មីមួយនៅក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ នេះ បានផ្តោតសំខាន់លើការស្តាប់បទបង្ហាញពីក្រុមហ៊ុនទីប្រឹក្សា Dathak អំពីវិសាលភាពនៃការសិក្សាគម្រោង ដែលនឹងទទួលបានហិរញ្ញប្បទានពី AFD។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម រស់ វណ្ណា បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារបច្ចេកទេស ដើម្បីធានាថាការសិក្សាគម្រោងនេះ នឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេសជាធរមាន។

កិច្ចសហប្រតិបត្តិការបារាំង-កម្ពុជា លើវិស័យទឹក និងអនាម័យ

គួរបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាក្នុងវិស័យទឹក និងអនាម័យ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ គិតតាំងពីឆ្នាំ១៩៩៣។ កិច្ចសហប្រតិបត្តិការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតនៅរាជធានីភ្នំពេញ និងបានលើកកម្ពស់រហូតដល់ជាង ៩០% នៅឆ្នាំ២០២៤។

ក្រៅពីរាជធានីភ្នំពេញ AFD ក៏បានគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធទឹកស្អាត និងអនាម័យនៅតាមទីក្រុងធំៗផ្សេងទៀតដូចជា ក្រុងសៀមរាប ក្រុងបាត់ដំបង និងក្រុងកំពង់ចាម ព្រមទាំងបានពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សក្នុងវិស័យនេះផងដែរ ។

តួនាទីអង្គការហ្គ្រេត (GRET) នៅកម្ពុជា

អង្គការហ្គ្រេត (GRET) ដែលជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់បារាំង បានបង្កើតវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៨៨ ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងវិស័យទឹក អនាម័យ និងការគ្រប់គ្រងកាកសំណល់។ ការងាររបស់អង្គការនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនជាង ៥៣០ នៅទូទាំង ២១ ខេត្តនៃកម្ពុជា។ ថ្មីៗនេះ GRET ក៏បានចូលរួមជាមួយ AFD និងសហភាពអឺរ៉ុប ក្នុងយុទ្ធនាការ "Beyond the Toilet" នៅខេត្តសៀមរាប និងបាត់ដំបង ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងទឹកកខ្វក់ និងការតភ្ជាប់ប្រព័ន្ធលូ ។

គម្រោងពាក់ព័ន្ធ និងបញ្ហាប្រឈម

កិច្ចប្រជុំថ្មីនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង និងស្របពេលដែលកម្ពុជាកំពុងជំរុញគម្រោងធំៗជាច្រើន រួមមានគម្រោងផ្គត់ផ្គង់ទឹក និងអនាម័យទីក្រុង (PWSSP) ដែលមាន AFD និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាសហហិរញ្ញប្បទាន កំពុងអនុវត្តនៅតាមទីក្រុងគោលដៅដូចជា ខេត្តបាត់ដំបង កំពង់ចាម ព្រះសីហនុ និងសៀមរាប ។

ទោះបីជាមានការរីកចម្រើនក៏ដោយ បញ្ហាប្រឈមជាច្រើននៅតែមាន ជាពិសេសការតភ្ជាប់ប្រព័ន្ធលូពីលំនៅដ្ឋានទៅកាន់ប្រព័ន្ធចម្រោះទឹកកខ្វក់ ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការបង់ថ្លៃសេវាគ្រប់គ្រងទឹកកខ្វក់។ បញ្ហាទាំងនេះត្រូវបានលើកឡើងក្នុងយុទ្ធនាការនានា ដើម្បីជំរុញឱ្យមានការចូលរួមពីសហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់គ្នា ។

គម្រោងសិក្សាថ្មីនេះនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមផ្នែកអនាម័យ និងលូបង្ហូរទឹក ដែលកាន់តែមានសារសំខាន់ ស្របពេលដែលរាជធានីភ្នំពេញកំពុងមានកំណើនប្រជាជន និងការពង្រីកខ្លួនយ៉ាងឆាប់រហ័ស ព្រមទាំងប្រឈមនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)