Register Already an agent ? Login

សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ បន្តកើនឡើង ៥,៥% ខណៈចិន និងតំបន់អាស៊ីជាដៃគូសំខាន់

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរាយការណ៍ថា សម្រេចកំណើនប្រមាណ ៥,៥% ក្នុងឆ្នាំ២០២៥ បង្ហាញពីនិន្នាការស្ដារឡើងវិញបន្តបន្ទាប់ និងភាពធន់នៃសេដ្ឋកិច្ចជាតិ នៅមជ្ឈមណ្ឌលសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍។ យោងតាមទិន្នន័យចុងក្រោយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅទាក់ទាញបំផុតសម្រាប់វិនិយោគិនអន្តរជាតិ។

ក្នុងឆ្នាំ២០២៥ ទំហំវិនិយោគផ្ទាល់ពីបរទេស (FDI) បានសម្រេចដល់កម្រិតដ៏គួរឱ្យកត់សម្គាល់គឺ ៥,០៩៩លានដុល្លារអាមេរិក ដែលមានការកើនឡើង ១៦% បើធៀបនឹងគ្រាដូចគ្នា។

កំណើនតាមវិស័យសំខាន់ៗ

កសិកម្ម៖ ០,៩% ឧស្សាហកម្ម៖ ៨,១% សំណង់៖ ១,៩% សេវាកម្ម៖ ៣,៥% ពាណិជ្ជកម្ម៖ ១១,៦% ទេសចរណ៍ និងបដិសណ្ឋារកិច្ច៖ ២,២% អចលនទ្រព្យ៖ ២% វិស័យផ្សេងៗ៖ ៣,៥% វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម បន្តជាម៉ាស៊ីនជំរុញកំណើនសំខាន់ ខណៈវិស័យសេវាកម្ម និងទេសចរណ៍កំពុងស្ដារឡើងវិញជាបន្តបន្ទាប់។

ចិននៅតែជា "មហាអំណាចវិនិយោគ" លេខ១ នៅកម្ពុជា

ក្នុងចំណោមបណ្តាប្រទេសដែលផ្តល់ទុនវិនិយោគច្រើនជាងគេទាំង ៥ ប្រទេសចិននៅតែឈរលើគេបង្អស់ជាមួយនឹងទំហំទុនដ៏ធំសម្បើម៖

1. ចិន ៣,៧៦០លានដុល្លារ (ស្មើនឹង ៧៣.៧% នៃទុនសរុប)

2. សិង្ហបុរី ៣២៧លានដុល្លារ (កើន ១,៦%)

3. កាណាដា ២៣០លានដុល្លារ (កើន ៤,៥%)

4. ម៉ាឡេស៊ី ១៧៤លានដុល្លារ (កើន ៣,៥%)

5. កូរ៉េខាងត្បូង ១៦៥លានដុល្លារ (កើន ៣,២%)

ចិន បន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ខណៈទីផ្សារអាស៊ី និងអាមេរិកខាងជើង មាននិន្នាការកើនឡើងវិជ្ជមាន។

គូសបញ្ជាក់ថា កំណើន ១៦% នេះឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់វិនិយោគិនមកលើស្ថិរភាពនយោបាយ និងបរិយាកាសធុរកិច្ចនៅកម្ពុជា។ ការប្រមូលផ្តុំទុនវិនិយោគជាង ៦០% ក្នុងវិស័យកម្មន្តសាល បញ្ជាក់ថា កម្ពុជាកំពុងពង្រឹងខ្លួនយ៉ាងរឹងមាំក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់អាស៊ាន។

អ្នកវិភាគសេដ្ឋកិច្ចវាយតម្លៃថា កំណើនឆ្នាំ២០២៥ បង្ហាញពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការកើនឡើងនៃការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ កម្ពុជា ត្រូវបានរំពឹងថា នឹងបន្តពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដើម្បីរក្សាកំណើនប្រកបដោយចីរភាព៕

ដោយ៖ មឿន ឌីណា (Moeun Dyna)