Register Already an agent ? Login

គម្រោងយក្ស ៩ ត្រៀមបោះទុនជាង ៤០០លានដុល្លារ បង្កើតការងារជិត ៥ពាន់កន្លែង

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ២០២៦ នេះ កំពុងបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង តាមរយៈការត្រៀមស្វាគមន៍គម្រោងវិនិយោគថ្មីៗចំនួន ៩ ដែលមានតម្លៃទឹកប្រាក់សរុបរហូតដល់ទៅ ៤២៣លានដុល្លារអាម៉េរិក។ កញ្ចប់ទុនដ៏សន្ធឹកសន្ធាប់នេះ មិនត្រឹមតែជួយជំរុញដង្ហើមសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្ដល់ឱកាសការងារថ្មីៗដល់ពលរដ្ឋខ្មែរប្រមាណ ៥,០០០កន្លែង ផងដែរ។

កាលពីថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ម្សិលមិញនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចប្រជុំ "ច្រកចេញ-ចូលតែមួយ" ដើម្បីពិនិត្យ និងសម្រេចលើសំណើសុំវិនិយោគទាំងនេះ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន ៣៖

១. វិស័យឧស្សាហកម្ម ក្តោបក្តាប់ ៧គម្រោង

វិស័យនេះនៅតែជាមេដែកទាញទុនធំជាងគេ រួមមានការបង្គុំគ្រឿងអេឡិចត្រូនិក និងបរិក្ខារអគ្គិសនី, ការផលិតគ្រឿងតុបតែងបុណ្យណូអែល និង Halloween (សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ), រោងចក្រផលិតម៉ូតូ, រោងចក្រក្រដាស និងក្តារបន្ទះជាដើម។

២. វិស័យទេសចរណ៍ គម្រោងលំដាប់ផ្កាយ

ការសាងសង់សណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ប្រណីតមួយ ដែលមានបន្ទប់រហូតដល់ ១,៣៤១ បន្ទប់ នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ។

៣. វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម

ការបង្កើតកសិដ្ឋានបណ្តុះមេផ្សិត និងការវេចខ្ចប់កសិផល ដែលជាការវិនិយោគបែបទំនើបជួយដល់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក។

តើគម្រោងទាំងនេះនឹងទៅទីណាខ្លះ?

ផែនទីវិនិយោគថ្មីនេះ បានពង្រាយទីតាំងនៅតាមតំបន់សេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តតាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង និងស្វាយរៀង។

ការសម្រុកមកបោះទុនពីសំណាក់វិនិយោគិននាពេលនេះ បានសបញ្ជាក់ឱ្យឃើញថា កម្ពុជានៅតែជាគោលដៅដ៏មានសក្ដានុពលបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការវិនិយោគចម្រុះវិស័យ ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលក៏ដោយ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

RELATED ARTICLES

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទំនើប ប្រកួតប្រជែង និងឆ្លើយតបទៅនឹងនិន្នាការទេសចរណ៍សកល
Fri, 15 May 2026
រដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដើម្បីកសាងនិងអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា ឱ្យបានរីកលូតលាស់ថែមទៀត
Fri, 15 May 2026
ក្រសួងសាធារណការ និងក្រសួងប្រៃសណីយ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
Fri, 15 May 2026