Register Already an agent ? Login

មហិច្ឆតា "ឧស្សាហកម្មបៃតង"៖ កម្ពុជា-ជប៉ុន បង្ហាញផែនទីបង្ហាញផ្លូវថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាកម្រិតខ្ពស់!

ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមខ្លួនក្លាយជា "មជ្ឈមណ្ឌលផលិតកម្មបៃតង" ក្នុងតំបន់អាស៊ាន តាមរយៈកិច្ចសហការយុទ្ធសាស្ត្រជាមួយមហាអំណាចបច្ចេកវិទ្យាជប៉ុន។

កាលពីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាបានពង្រឹងមហិច្ឆតាសេដ្ឋកិច្ចបៃតងរបស់ខ្លួនមួយកម្រិតទៀត តាមរយៈជំនួបយុទ្ធសាស្ត្ររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវកម្រិតអន្តរជាតិ លោក Tetsuya Watanabe ប្រធានវិទ្យាស្ថាន ERIA។

ក្នុងជំនួបដ៏សំខាន់ ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលយករបាយការណ៍សិក្សាស្ដីពី “តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) កម្ពុជា-ជប៉ុន” ដែលជាសញ្ញាណថ្មីនៃបដិវត្តន៍ឧស្សាហកម្មនៅកម្ពុជា។

យុទ្ធសាស្ត្រ "បៃតង"៖ ដែកឆក់ទាក់ទាញវិនិយោគិនជប៉ុន

របាយការណ៍ប្រវត្តិសាស្ត្រនេះ ត្រូវបានចងក្រងដោយវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) និងវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលជាខួរក្បាលសេដ្ឋកិច្ចដ៏ល្បីល្បាញក្នុងតំបន់។ អ្វីដែលពិសេសបំផុតនោះគឺ៖

បច្ចេកវិទ្យាជប៉ុន ការចូលរួមពីក្រុមហ៊ុនវិស្វកម្មយក្ស Nippon Koei បញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះនឹងត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេសខ្ពស់បំផុត។

និរន្តរភាព (Sustainability) នេះមិនមែនជារោងចក្រធម្មតាទេ ប៉ុន្តែជា "តំបន់បៃតង" ដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលជាលក្ខខណ្ឌចម្បងរបស់ក្រុមហ៊ុនអន្តរជាតិធំៗមុននឹងសម្រេចចិត្តបោះទុន។

ផែនការសកម្មភាពជាក់ស្តែង គណៈប្រតិភូមិនត្រឹមតែប្រគល់របាយការណ៍ទេ ប៉ុន្តែបានជជែកដេញដោលពី "ជំហានអនុវត្តជាក់ស្តែង" ដើម្បីប្រែក្លាយក្រដាសឱ្យទៅជាសមិទ្ធផលលើដីពិតៗ។

ហេតុអ្វីបានជាពិភពលោកត្រូវតាមដានចំណុចនេះ?

ការបង្កើត Green SEZ គឺជាការឆ្លើយតបទៅនឹងនិន្នាការសកល ESG (Environmental, Social, and Governance)។ សម្រាប់វិនិយោគិនជប៉ុន ដែលល្បីល្បាញខាងភាពហ្មត់ចត់ និងគុណភាព ការមានតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា គឺជាការបើកទ្វារចំហរសម្រាប់លំហូរទុនក្នុងវិស័យ អេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និងបច្ចេកវិទ្យាថាមពលស្អាត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តល់នូវអនុសាសន៍ "មុតស្រួច" ដើម្បីធានាថា កម្ពុជានឹងមានភាពទាក់ទាញខ្លាំងបំផុត (Competitive Advantage) បើធៀបនឹងប្រទេសជិតខាង។ ការផ្តោតលើតំបន់សេដ្ឋកិច្ចបៃតងនេះ នឹងក្លាយជាអាវុធយុទ្ធសាស្ត្រថ្មីរបស់កម្ពុជា ក្នុងការឆក់យកបេះដូងវិនិយោគិនមកពីទឹកដីព្រះអាទិត្យរះ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)