ភ្នំពេញ៖ កម្ពុជាកំពុងតែរំកិលខ្លួនទៅកៀកនឹងការក្លាយជា «មជ្ឈមណ្ឌលផលិតកម្មថ្មី» របស់តំបន់ ខណៈដែលក្រុមហ៊ុនយក្សៗរបស់ជប៉ុនកំពុងបង្ហាញបំណងយ៉ាងច្បាស់ក្នុងការផ្លាស់ប្តូររោងចក្រ និងខ្សែច្រវាក់ផលិតកម្មរបស់ពួកគេមកកាន់ទឹកដីកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារដ៏សំខាន់មួយកាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិមានសន្តិភាព លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថាន ERIA បាននាំយកនូវដំណឹងល្អ និងលទ្ធផលស្រាវជ្រាវថ្មីមួយមកជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
របាយការណ៍នោះបានបង្ហាញថា កម្ពុជាមានសក្តានុពលខ្លាំងហួសពីការស្មាន ក្នុងការទាក់ទាញវិនិយោគិនពីប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះ។
តំបន់សេដ្ឋកិច្ចពិសេស «បៃតង»៖ ម៉ាស៊ីនទាញលុយថ្មី
ចំណុចដែលជាចំណាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងជំនួបនេះ គឺការលើកឡើងអំពីការបង្កើត «តំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»។ នេះមិនមែនជាតំបន់ឧស្សាហកម្មធម្មតាដែលយើងធ្លាប់ឃើញនោះទេ ប៉ុន្តែវាគឺជាតំបន់ផលិតកម្មបែបទំនើប ដែលផ្ដោតលើការប្រើប្រាស់ថាមពលស្អាត និងបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថាន ដែលជាលក្ខខណ្ឌចម្បងដែលក្រុមហ៊ុនលំដាប់ពិភពលោកកំពុងស្វែងរក។
លោកសាស្ត្រាចារ្យ វ៉ាតាណាបេ បានបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនជាច្រើនដែលកំពុងមានមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសជិតខាង កំពុងតែសម្លឹងមើលឱកាសក្នុងការ «ផ្លាស់ប្តូរទីតាំង» (Relocation) មកកាន់កម្ពុជាវិញម្តង។ មូលហេតុគឺដោយសារពួកគេមើលឃើញពីស្ថិរភាព និងការបើកចំហរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចដែលឆ្លើយតបនឹងតម្រូវការជាក់លាក់របស់ពួកគេ។
កម្ពុជា «បើកភ្លើងខៀវ» ទទួលយកការផ្លាស់ប្តូរ
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញជំហរស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផលនៃការសិក្សានេះ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែចង់បានរោងចក្រធម្មតានោះទេ ប៉ុន្តែចង់បានការវិនិយោគដែលមានលក្ខណៈ «ជាក់លាក់» សម្រាប់ឧស្សាហកម្មនីមួយៗ ជាពិសេសគឺវិស័យបៃតងតែម្តង។
ដើម្បីឱ្យគម្រោងនេះចេញជារូបរាងឆាប់ៗ សម្តេចធិបតីបានណែនាំឱ្យវិទ្យាស្ថាន ERIA បន្តធ្វើការឱ្យជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងវិស័យឯកជន ដើម្បីរៀបចំ «ម៉ូដែល» នៃតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យបានច្បាស់លាស់ មិនថាក្នុងទម្រង់ទ្វេភាគី (កម្ពុជា-ជប៉ុន) ឬត្រីភាគីនោះឡើយ។
ឱកាសមាសសម្រាប់ពលរដ្ឋកម្ពុជា
អ្វីដែលកាន់តែរំភើបជាងនេះទៅទៀតនោះ គឺកម្ពុជានឹងរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-ជប៉ុន» នាពេលខាងមុខ ដែលវានឹងក្លាយជាស្ពានចម្លងឱ្យអ្នកវិនិយោគជប៉ុនសម្រុកមកកម្ពុជាកាន់តែច្រើន។ ប្រសិនបើផែនការនេះជោគជ័យ កម្ពុជានឹងមិនត្រឹមតែទទួលបានទុនវិនិយោគរាប់ពាន់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាផ្នែកមួយមិនអាចខ្វះបាននៃ «ខ្សែច្រវាក់ផលិតកម្មសកល» ដែលនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងការងារដែលមានប្រាក់ចំណូលល្អសម្រាប់ពលរដ្ឋខ្មែរ។
តាមរយៈជំនួបនេះ វាបានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាលែងជាប្រទេសដែលរង់ចាំតែការវិនិយោគខ្នាតតូចទៀតហើយ ប៉ុន្តែជាប្រទេសដែលត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជា «ផ្ទះថ្មី» សម្រាប់ឧស្សាហកម្មទំនើបៗរបស់ជប៉ុន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)