Register Already an agent ? Login

កម្ពុជា-អាម៉េរិក៖ កញ្ចប់ថវិកា ៥លានដុល្លារ ដើម្បីបោសសម្អាតយុទ្ធភណ្ឌសង្គ្រាម និងសង្គ្រោះជីវិតពលរដ្ឋជិត ៤០ម៉ឺននាក់

ភ្នំពេញ៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌អន្តរជាតិ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងអង្គការជំនួយប្រជាជនន័រវែស (NPA) បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូទ្រង់ទ្រាយធំ ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលកំពុងគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និង លោក Hans Peter Risser ប្រធានអង្គការ NPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។

គម្រោងនេះមានឈ្មោះថា “ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា” ដែលមានកញ្ចប់ថវិកាគាំទ្រសរុបចំនួន ៥.០០០.០០០ដុល្លារអាម៉េរិក ពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។

ក្នុងនោះ៖ អង្គភាព CMAC ទទួលបានថវិកា ៤.០០០.០០០ដុល្លារ សម្រាប់ប្រតិបត្តិការផ្ទាល់។ អង្គការ NPA ទទួលបានថវិកា ១.០០០.០០០ដុល្លារ សម្រាប់កិច្ចសហការបច្ចេកទេស។

គម្រោងនេះមានរយៈពេល ១៨ខែ (ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧) ដោយផ្តោតលើការស្រាវជ្រាវ បោសសម្អាតគ្រាប់បែកចង្កោម និងមីន ដែលនៅសេសសល់។ កម្លាំងជំនាញរបស់ CMAC ប្រមាណជិត ៣០០នាក់ ក្នុងកងឯកភាពចំនួន២ នឹងត្រូវដាក់ពង្រាយនៅទិសខេត្តត្បូងឃ្មុំ និងខេត្តឧត្តរមានជ័យ។

យោងតាមរបាយការណ៍បច្ចេកទេស ផលប៉ះពាល់ពីសង្គ្រាមក្នុងឆ្នាំ២០២៥ កន្លងទៅ បានបន្សល់ទុកនូវគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន និងគ្រាប់យុទ្ធភណ្ឌគីមី ដែលកំពុងគំរាមកំហែងលើផ្ទៃដីប្រមាណ ៤៤១.៥៩៥ហិកតា ក្នុងភូមិចំនួន ៣៤០ នៃខេត្តទាំង៧ តាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងថ្មីនេះនឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៩១.៤១១គ្រួសារ ឬស្មើនឹងមនុស្សប្រមាណ ៣៦៤.៦៩៤នាក់។ ដោយឡែក ខេត្តឧត្តរមានជ័យ ជាតំបន់អាទិភាពខ្ពស់បំផុត ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន ៤០.៤០០ហិកតា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហេង រតនា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែគាំទ្រដល់បេសកកម្មបោសសម្អាតមីននៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump រដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការ NPA ដែលបានបន្តផ្តល់ការគាំទ្រទាំងថវិកា សម្ភារបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។

ឯកឧត្តមប្រតិភូបានបញ្ជាក់ថា៖ «ស្មារតីសប្បុរសធម៌ និងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ ដើម្បីឱ្យអង្គភាព CMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ដើម្បីសង្គ្រោះអាយុជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព»។

គួរបញ្ជាក់ថា CMAC និងអង្គការ NPA ចាប់ដៃគ្នាអនុវត្តគម្រោងយុទ្ធសាស្ត្រ ១៨ខែ ដើម្បីលុបបំបាត់គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះតាមបណ្តោយព្រំដែន ក្រោមការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក៕

ដោយ៖ មឿន ឌីណា (Moeun Dyna)