អន្តរជាតិ៖ ប្រទេសចិនកំពុងពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើនតួនាទីប្រាក់យន់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល ខណៈដែលភាពមិនប្រាកដប្រជានយោបាយ និងសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក បានធ្វើឱ្យទំនុកចិត្តលើប្រាក់ដុល្លារអាមេរិកថយចុះ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលប្រហែលបួនឆ្នាំ ខណៈដែលវិនិយោគិនបានប្តូរទិសទៅរកទ្រព្យសកម្មមានសុវត្ថិភាព ដោយជំរុញឱ្យតម្លៃមាសឡើងដល់កម្រិតខ្ពស់បំផុតជាង ៥,៥០០ ដុល្លារក្នុងមួយអោន។ បរិបទនេះ បានបង្កើតឱកាសថ្មីសម្រាប់ចិន ក្នុងការផ្សព្វផ្សាយប្រាក់យន់ជាជម្រើសមួយនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។
ចក្ខុវិស័យរបស់លោក ស៊ី ជីនពីង
ទស្សនាវដ្តី Qiushi ដែលជាវេទិកាមនោគមវិជ្ជាសំខាន់របស់គណបក្សកុម្មុយនិស្តចិន បានបោះពុម្ពផ្សាយសុន្ទរកថារបស់ប្រធានាធិបតី ស៊ី ជីនពីង ដែលបានលើកឡើងអំពីបំណងប្រាថ្នា ក្នុងការបង្កើតរូបិយប័ណ្ណ «រឹងមាំ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ» សម្រាប់ពាណិជ្ជកម្ម និងការទូទាត់អន្តរជាតិ។
លោក ស៊ី បានអំពាវនាវឱ្យមានធនាគារកណ្តាលដ៏មានឥទ្ធិពល អាចទាក់ទាញការវិនិយោគបរទេស និងមានសមត្ថភាពប៉ះពាល់ដល់ការកំណត់តម្លៃសកល។ មតិយោបល់ទាំងនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០២៤ ប៉ុន្តែត្រូវបានផ្សព្វផ្សាយឡើងវិញ នៅពេលដែលចិនកំពុងដាក់ខ្លួនជាដៃគូសេដ្ឋកិច្ចដែលអាចទុកចិត្តបានជាងសហរដ្ឋអាមេរិក។
ហេតុអ្វីបានជាចិនឃើញឱកាសនៅពេលនេះ?
អ្នកវិភាគបានឲ្យដឹងថា ការសម្រេចចិត្តដាក់ពន្ធជាច្រើនជុំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្មសំខាន់ៗ បានប៉ះពាល់ដល់ទំនុកចិត្តលើសេដ្ឋកិច្ចអាមេរិក។ លើសពីនេះ ការផ្លាស់ប្តូរមេដឹកនាំធនាគារកណ្តាលសហរដ្ឋអាមេរិក និងភាពមិនប្រាកដប្រជាជុំវិញអត្រាការប្រាក់ បានធ្វើឱ្យវិនិយោគិនកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ។
ជាមួយគ្នានេះផងដែរ ប្រទេសមួយចំនួនក៏កំពុងស្វែងរកវិធីការពារខ្លួនពីការពឹងផ្អែកលើប្រាក់ដុល្លារ ដោយសារការគំរាមកំហែងពីពន្ធ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
អំណាចនៃរូបិយប័ណ្ណបម្រុងសកល
ប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណស្នូលនៃសេដ្ឋកិច្ចពិភពលោក អស់រយៈពេលជាង ៨០ ឆ្នាំមកហើយ។ តាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រាក់ដុល្លារកាន់កាប់ប្រហែល ៥៧% នៃទុនបម្រុងប្តូរប្រាក់បរទេស ខណៈប្រាក់អឺរ៉ូមានប្រហែល ២០% និងប្រាក់យន់ប្រហែល ២% ប៉ុណ្ណោះ។
ការគ្រប់គ្រងរូបិយប័ណ្ណបម្រុង ផ្តល់អំណាចយ៉ាងខ្លាំង ទាំងក្នុងការខ្ចីប្រាក់ក្នុងអត្រាទាប និងការប្រើប្រាស់ទណ្ឌកម្មហិរញ្ញវត្ថុ។
ការខិតខំរបស់ចិន និងកម្រិតជាក់ស្តែង
ចិនបានពង្រីកការចូលដំណើរការទីផ្សារហិរញ្ញវត្ថុរបស់ខ្លួន ដល់វិនិយោគិនបរទេស និងលើកកម្ពស់ការប្រើប្រាស់ប្រាក់យន់ក្នុងពាណិជ្ជកម្មជាមួយប្រទេសកំពុងអភិវឌ្ឍន៍ និងដៃគូសេដ្ឋកិច្ចសំខាន់ៗ ដូចជា រុស្ស៊ី។
ទោះយ៉ាងណា អ្នកជំនាញបានព្រមានថា ការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើលំហូរទុន និងការរក្សាតម្លៃប្រាក់យន់ឲ្យទាប ដើម្បីគាំទ្រការនាំចេញ អាចជាឧបសគ្គធំ ក្នុងការធ្វើឱ្យប្រាក់យន់ក្លាយជារូបិយប័ណ្ណបម្រុងសកលពេញលេញ។
លោក Dinny McMahon អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Trivium China បាននិយាយថា ទោះបីជាចិនមើលឃើញឱកាសនៅក្នុងបរិបទបច្ចុប្បន្ន ក៏មិនមានន័យថា ប្រាក់យន់អាចជំនួសប្រាក់ដុល្លារបានក្នុងពេលឆាប់ៗនេះឡើយ៕
ប្រភព៖ BBC / Reuters
ប្រែសម្រួលដោយ៖ MD-Angkor