Register Already an agent ? Login

ត្រៀមបើកផ្លូវឆ្លងព្រំដែន កម្ពុជានិងឡាវ ត្រៀមចុះត្រួតពិនិត្យរួម កំណត់ខ្សែផ្លូវតភ្ជាប់រតនគិរី-អាតតាពើ

ភ្នំពេញ៖ កម្ពុជានិងឡាវ កំពុងឈានទៅមុខក្នុងការរៀបចំគម្រោងផ្លូវតភ្ជាប់អន្តរជាតិរវាងខេត្តរតនគិរី និងខេត្តអាតតាពើ បន្ទាប់ពីកិច្ចប្រជុំត្រៀមការងារមួយ ត្រូវបានរៀបចំនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។

កិច្ចប្រជុំនេះ មានគោលបំណងត្រៀមសម្រាប់ការចុះត្រួតពិនិត្យរួមជាមួយភាគីឡាវ ដើម្បីកំណត់ទីតាំងសមស្របសម្រាប់សាងសង់ផ្លូវតភ្ជាប់ឆ្លងព្រំដែន។ មន្ត្រីពីក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្តស្ទឹងត្រែង និងរតនគិរី បានចូលរួមពិភាក្សាអំពីបញ្ហាបច្ចេកទេស ភូមិសាស្ត្រ និងការសម្របសម្រួលការងារជាមួយភាគីឡាវ។

លទ្ធផលសំខាន់មួយ គឺការឯកភាពចុះត្រួតពិនិត្យរួម នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តអាតតាពើ ប្រទេសឡាវ។ ក្នុងដំណាក់កាលនេះ ភាគីទាំងពីរ នឹងពិនិត្យលើទីតាំងសក្តានុពលចំនួនពីរ គឺខ្សែផ្លូវតភ្ជាប់ទៅកាន់បង្គោលព្រំដែនលេខ ០៧៨ និងបង្គោលព្រំដែនលេខ ១៤១ ដែលសុទ្ធសឹងជាតំបន់សំខាន់សម្រាប់ការតភ្ជាប់ផ្លូវអន្តរជាតិរវាងខេត្តជាប់ព្រំដែនទាំងពីរ។

មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា ការសិក្សាផ្លូវតភ្ជាប់នេះ ស្របតាមការឯកភាពកន្លងមករវាងកម្ពុជា និងឡាវ ក្នុងការពង្រឹងការតភ្ជាប់តំបន់ព្រំដែន។ គម្រោងនេះ ត្រូវបានមើលឃើញថា អាចជួយសម្រួលចរាចរណ៍ឆ្លងដែន បង្កើនលំហូរទំនិញ និងការធ្វើដំណើររបស់ប្រជាជននៅតំបន់ជាប់ព្រំដែន។

បើគម្រោងត្រូវបានអនុវត្ត ផ្លូវតភ្ជាប់រតនគិរី-អាតតាពើ នឹងក្លាយជាផ្លូវច្រកសំខាន់មួយ សម្រាប់ការផ្លាស់ទី និងសកម្មភាពសេដ្ឋកិច្ចតាមព្រំដែនភាគឦសានកម្ពុជា និងភាគខាងត្បូងឡាវ នាពេលអនាគត។

ផ្លូវតភ្ជាប់ និងចក្ខុវិស័យអភិវឌ្ឍន៍តំបន់ ការបន្តសិក្សា និងការរៀបចំផែនការផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ គឺស្របតាមស្មារតីនៃការឯកភាពនយោបាយកម្រិតខ្ពស់រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា–ឡាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមកកន្លងមក។ គម្រោងនេះមានគោលបំណងរួម ដើម្បីពង្រឹងការតភ្ជាប់ប្រជាជនទៅប្រជាជន នៅតំបន់ជាប់ព្រំដែន ជំរុញកំណើនពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ និងការវិនិយោគតំបន់ជនបទ។

គួរបញ្ជាក់ថា ជាពិសេស ផ្លូវតភ្ជាប់អន្តរជាតិថ្មីនេះ ត្រូវបានមើលឃើញថា អាចបង្កើតលទ្ធភាពក្នុងការបើក ច្រកទ្វារព្រំដែនអន្តរជាតិថ្មី នាពេលអនាគត ដែលនឹងជួយកាត់បន្ថយចំណាយដឹកជញ្ជូន បង្កើនលំហូរទំនិញ និងភ្ញៀវទេសចរ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភាគឦសានកម្ពុជា និងភាគខាងត្បូងឡាវឱ្យកាន់តែរីកចម្រើនជាដំណាក់កាល៕

ដោយ៖ មឿន ឌីណា (Moeun Dyna)