អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកនឹងកាត់បន្ថយពន្ធគយលើទំនិញនាំចូលពីប្រទេសឥណ្ឌា បន្ទាប់ពីលោកអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានយល់ព្រមកាត់បន្ថយ ឬឈប់ទិញប្រេងឆៅពីប្រទេសរុស្ស៊ី ហើយប្តូរទៅទិញប្រេងពីសហរដ្ឋអាមេរិក និងប្រទេសវេណេស៊ុយអេឡា ជំនួសវិញ។
ទោះជាយ៉ាងណា ការផ្លាស់ប្តូរនេះត្រូវបានអ្នកជំនាញជាច្រើនមើលឃើញថា ជាកិច្ចការលំបាក និងត្រូវការពេលវេលាយូរ។ បច្ចុប្បន្ន ឥណ្ឌានាំចូលប្រេងរុស្ស៊ីប្រមាណ ១,៥លានបារ៉ែលក្នុងមួយថ្ងៃ ដែលមានចំនួនជាងមួយភាគបីនៃការនាំចូលប្រេងសរុបរបស់ប្រទេសនេះ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន Kpler។ សូម្បីតែក្រោយពេលសហរដ្ឋអាមេរិកដាក់ពន្ធ និងសម្ពាធនយោបាយកន្លងមក ការនាំចូលប្រេងរុស្ស៊ីរបស់ឥណ្ឌាក៏មិនបានថយចុះយ៉ាងច្បាស់លាស់ដែរ។
លោក Trump បានបង្ហោះសារលើបណ្តាញសង្គមថា លោកបានពិភាក្សាជាមួយលោក Modi ហើយថា ភាគីឥណ្ឌាយល់ព្រមជំនួសប្រេងរុស្ស៊ីដោយប្រេងពីសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា។ ប៉ុន្តែក្នុងសារដែលលោក Modi បានបង្ហោះលើបណ្តាញ X លោកគ្រាន់តែស្វាគមន៍ការកាត់បន្ថយពន្ធគយប៉ុណ្ណោះ ដោយមិនបានបញ្ជាក់អំពីការកាត់បន្ថយការទិញប្រេងពីរុស្ស៊ីឡើយ។
អ្នកវិភាគថាមពលបានបញ្ជាក់ថា ប្រេងរបស់វេណេស៊ុយអេឡាមានគុណភាពស្រដៀងនឹងប្រេងរបស់រុស្ស៊ី គឺជាប្រេងធ្ងន់ និងមានជាតិជូរ ដែលសមស្របសម្រាប់រោងចក្រចម្រាញ់ប្រេងនៅឥណ្ឌា។ ទោះបីជាយ៉ាងនេះក្តី ហេដ្ឋារចនាសម្ព័ន្ធផលិតប្រេងរបស់វេណេស៊ុយអេឡាកំពុងទ្រុឌទ្រោមខ្លាំង ហើយត្រូវការវិនិយោគរាប់សិបពាន់លានដុល្លារ និងពេលវេលាជាច្រើនឆ្នាំ ដើម្បីបង្កើនទិន្នផលឱ្យដល់កម្រិតដែលអាចបំពេញតម្រូវការរបស់ឥណ្ឌាបាន។
ឥណ្ឌាត្រូវបានគេចាត់ទុកថាជាអ្នកទិញប្រេងរបស់រុស្ស៊ីដ៏សំខាន់មួយ បន្ទាប់ពីចិន ខណៈដែលប្រទេសលោកខាងលិចភាគច្រើនបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយសារសង្គ្រាមនៅអ៊ុយក្រែន។ មន្ត្រីឥណ្ឌាបានអះអាងជាញឹកញាប់ថា ប្រេងរុស្ស៊ីមានតួនាទីសំខាន់ចំពោះសន្តិសុខថាមពល និងសេដ្ឋកិច្ចរបស់ប្រទេស ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
អ្នកវិភាគក៏បានបញ្ជាក់ថា ប្រេងរុស្ស៊ីត្រូវបានលក់ក្នុងតម្លៃទាបជាងប្រេងពី OPEC ឬសហរដ្ឋអាមេរិកប្រហែល ១៦ដុល្លារក្នុងមួយបារ៉ែល ដែលធ្វើឱ្យឥណ្ឌាពិបាកបោះបង់ប្រភពនេះ។ ទោះបីជាមានកិច្ចព្រមព្រៀងនយោបាយជាមួយសហរដ្ឋអាមេរិកក៏ដោយ អ្នកជំនាញមួយចំនួននៅតែជឿថា ឥណ្ឌាអាចបន្តទិញប្រេងរុស្ស៊ីតាមវិធីផ្សេងៗ ដើម្បីជៀសវាងទណ្ឌកម្ម។
ពីផ្នែកពន្ធគយ លោក Trump បានប្រកាសថា អត្រាពន្ធលើទំនិញឥណ្ឌានឹងត្រូវកាត់បន្ថយពី ៥០% មកនៅត្រឹមប្រហែល ១៨% ហើយនឹងលុបចោលពន្ធបន្ថែមដែលបានដាក់ឡើងកាលពីខែសីហា។ លោកក៏អះអាងថា ឥណ្ឌាយល់ព្រមកាត់បន្ថយពន្ធលើទំនិញអាមេរិកមកសូន្យ និងដកចេញរបាំងពាណិជ្ជកម្មមួយចំនួន ព្រមទាំងបង្កើនការវិនិយោគលើថាមពល បច្ចេកវិទ្យា និងកសិកម្មរបស់សហរដ្ឋអាមេរិកផងដែរ។
ទោះបីជាឥណ្ឌាមិនមែនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាមេរិកក៏ដោយ ការកាត់បន្ថយពន្ធគយនេះអាចមានឥទ្ធិពលយ៉ាងសំខាន់លើពាណិជ្ជកម្មទ្វេភាគី ពិសេសលើទំនិញដូចជា គ្រឿងអេឡិចត្រូនិក ឱសថ សម្លៀកបំពាក់ និងគ្រឿងអលង្ការ ខណៈដែលក្រុមហ៊ុនអាមេរិកធំៗជាច្រើនក៏កំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌាផងដែរ។
ប្រភព៖ CNN, Reuters