ភ្នំពេញ៖ កម្ពុជា បានចាប់ផ្តើមជាផ្លូវការនូវគម្រោងសំខាន់មួយ ដោយសហការជាមួយធនាគារពិភពលោក (World Bank – WB) ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក ដែលជាបញ្ហាបរិស្ថានកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។
កិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល អ្នកឯកទេសអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្របសម្រួលទិសដៅ និងពន្លឿនការអនុវត្តគម្រោង។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ព្រមទាំងមានការចូលរួមពី លោកស្រី Katelijn Van Den Berg អ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាន និងជាប្រធានក្រុមការងាររបស់ធនាគារពិភពលោក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចពិភាក្សា បានផ្តោតលើការចាប់ផ្តើម ការរចនាប្លង់លម្អិត សម្រាប់ទីលានទុកដាក់សំរាម និងកន្លែងប្រព្រឹត្តកម្មសំណល់រឹង នៅខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលជាតំបន់កំពុងរងសម្ពាធខ្លាំងពីការរីកចម្រើនទីក្រុង កំណើនប្រជាជន និងសកម្មភាពទេសចរណ៍។
ប្រធានបទសំខាន់ៗដែលបានលើកយកមកពិភាក្សា រួមមាន៖
* ការរៀបចំផែនការទីតាំង និងប្លង់បច្ចេកទេសលម្អិត សម្រាប់ទីលានទុកដាក់សំរាម
* វឌ្ឍនភាពនៃការកំណត់ជម្រើសផ្ទៃដីបន្ថែម សម្រាប់ទីលានទុកដាក់សំរាមនៅខេត្តកណ្តាល
* ការសម្របសម្រួលសកម្មភាពបច្ចេកទេស បរិស្ថាន និងស្ថាប័ន ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងចីរភាព
មន្ត្រីពាក់ព័ន្ធបានលើកឡើងថា គម្រោងនេះមិនត្រឹមតែផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាម និងការពារបរិស្ថានក្នុងរយៈពេលវែង។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅក្រសួង ប្រតិភូរួមរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក បានបន្តចុះពិនិត្យទីតាំងចាក់សំរាមចំនួន២ទីតាំង និងទីតាំងថ្មីមួយ ដែលត្រៀមសាងសង់ទីលានទុកដាក់សំរាមនាពេលអនាគត។
ការចុះពិនិត្យនៅទីតាំងផ្ទាល់ បានអនុញ្ញាតឲ្យក្រុមបច្ចេកទេសវាយតម្លៃស្ថានភាពជាក់ស្តែង កំណត់បញ្ហាប្រឈម និងពិភាក្សាដំណោះស្រាយ ដើម្បីធានាថា ការរចនា និងការអនុវត្តគម្រោង នឹងស្របតាមស្តង់ដារបរិស្ថានអន្តរជាតិ។
ជំហានសំខាន់សម្រាប់អនាគតបៃតងរបស់កម្ពុជា
ការចាប់ផ្តើមបេសកកម្មបច្ចេកទេសនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាសំរាម និងប្លាស្ទិក តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ការធ្វើផែនការដោយផ្អែកលើទិន្នន័យ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព។
គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយហានិភ័យបរិស្ថាន ការកែលម្អសុខភាពសាធារណៈ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍បៃតងរបស់កម្ពុជា នៅក្នុងបរិបទអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)