Register Already an agent ? Login

មាស​ស្ទុះ​ងើប​ឡើង​វិញ​លើស​ពី ៥ពាន់ដុល្លារ ខណៈ​​ការ​ធ្លាក់​ថ្លៃ​ដ៏​ខ្លាំង​បាន​ទាក់ទាញ​អ្នក​ទិញឱ្យធ្លាក់​ថ្លៃ

អន្តរជាតិ៖ តម្លៃមាសនៅទីផ្សារពិភពលោកបានឡើងវិញសម្រាប់ថ្ងៃទីពីរជាប់គ្នា ដោយកើនលើស 5,000 ដុល្លារ ក្នុងមួយអោន ខណៈដែលអ្នកវិនិយោគឆ្លៀតឱកាសទិញ បន្ទាប់ពីការធ្លាក់ថ្លៃដ៏ខ្លាំង និងមិនធ្លាប់មានពីកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

ក្នុងការជួញដូរដំបូង មាសឡើង 2.1% បន្ថែមលើការកើនឡើងជាង 6% នៅវគ្គជួញដូរមុន។ ការកើនឡើងនេះកើតឡើងនៅពេលសន្ទុះទទួលហានិភ័យត្រឡប់មកវិញ និងប្រាក់ដុល្លារអាមេរិកថយចុះ។ ទោះបីជាតម្លៃមាសនៅតែទាបជាងប្រហែល 12% បើប្រៀបធៀបទៅកម្រិតខ្ពស់បំផុតនៅចុងខែមករា ក៏ដោយ វានៅតែកើនឡើងជិត 15% ចាប់តាំងពីដើមឆ្នាំមក។

អ្នកវិភាគទីផ្សារបញ្ជាក់ថា ភាពប្រែប្រួលខ្លាំងក្នុងសប្តាហ៍ចុងក្រោយ និងការលក់ដោយបង្ខំ បានធ្វើឲ្យអ្នកវិនិយោគលក់រាយមួយចំនួនដកខ្លួនចេញពីទីផ្សារ ខណៈអ្នកវិនិយោគធំៗនៅតែបន្តចូលទិញ ដោយមើលឃើញថា មាសនៅតែមានមូលដ្ឋានវិនិយោគរឹងមាំ និងស្ថិតស្ថេរ ក្នុងរយៈពេលវែង។

មុននេះ តម្លៃមាស និងប្រាក់បានឡើងថ្លៃយ៉ាងលឿន ក្រោមឥទ្ធិពលពីភាពតានតឹងភូមិសាស្ត្រនយោបាយ ការស្មានទុកជាមុន និងការព្រួយបារម្ភអំពីគោលនយោបាយរូបិយវត្ថុសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ការកើនឡើងលឿនពេក បាននាំឲ្យមានការកែតម្រូវយ៉ាងរំពេច ដោយប្រាក់បានធ្លាក់ថ្លៃខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈមាសធ្លាក់ខ្លាំងបំផុតចាប់តាំងពីឆ្នាំ2013។

ធនាគារធំៗនៅតែមានទស្សនៈវិជ្ជមានចំពោះមាស។ Deutsche Bank បញ្ជាក់ថា តម្លៃមាសអាចកើនដល់ 6,000 ដុល្លារក្នុងមួយអោន នៅពេលអនាគត ខណៈ Bank of America ព្យាករណ៍ថា ភាពប្រែប្រួលនៅទីផ្សារនឹងនៅតែខ្ពស់ ប៉ុន្តែមាសនៅតែជាជម្រើសវិនិយោគសំខាន់សម្រាប់រយៈពេលវែង។

តម្លៃចុងក្រោយ (09:12 ព្រឹក, សិង្ហបុរី)

មាស: 5,048.55ដុល្លារ/អោន (+2.1%)

ប្រាក់: 86.90ដុល្លារ (+2.1%)

ផ្លាទីន និងប៉ាឡាដ្យូមក៏បានឡើងថ្លៃ

គួរបញ្ជាក់ថា ការឡើងថ្លៃនេះបង្ហាញថា មាសនៅតែជាជម្រើសវិនិយោគសុវត្ថិភាព ទោះបីក្នុងអំឡុងភាពប្រែប្រួលទីផ្សារខ្លាំងក៏ដោយ៕

ប្រភព៖ Bloomberg

ប្រែសម្រួលដោយ៖ MD-Angkor