ស្ទឹងត្រែង៖ ក្រុងស្ទឹងត្រែង កំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍទីក្រុង បន្ទាប់ពីគម្រោងសាងសង់ប្រព័ន្ធលូទឹកភ្លៀង ប្រព័ន្ធទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចបានលទ្ធផលជារួម ៩២ភាគរយ ហើយ គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។
លទ្ធផលនេះត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយ ក្នុងការកែលម្អបរិស្ថាន សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។
តាមព័ត៌មានបានឱ្យដឹងថា គម្រោងនេះរួមមាន៖ ការសាងសង់ប្រព័ន្ធលូទឹកភ្លៀងប្រវែង ៥ គីឡូម៉ែត្រ, ប្រព័ន្ធលូទឹកកខ្វក់ប្រវែងដល់ ៤៩គីឡូម៉ែត្រ និង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពដំណើរការ ២,៩០០ម៉ែត្រគូបក្នុងមួយថ្ងៃអាចទទួល និងបំលែងទឹកកខ្វក់ឱ្យមានសុវត្ថិភាព មុនបញ្ចេញទៅបរិស្ថានធម្មជាតិ។
គម្រោងដ៏ធំនេះ បានចាប់ផ្តើមអនុវត្តតាំងពី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ និងគ្រោងនឹងបញ្ចប់ជាផ្លូវការនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ ការអនុវត្តជាបន្តបន្ទាប់ និងការត្រួតពិនិត្យបច្ចេកទេសយ៉ាងម៉ត់ចត់ បានធ្វើឱ្យការងារដំណើរការទៅមុខតាមផែនការ និងសម្រេចបានលទ្ធផលល្អលើសការរំពឹងទុក។
គួរឱ្យកត់សម្គាល់ផងដែរថា ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្ទឹងត្រែង ដែលរងផលប៉ះពាល់អំឡុងពេលសាងសង់ កំពុងត្រូវបាន ស្តារឡើងវិញយ៉ាងល្អប្រសើរ និងមានសោភ័ណភាពជាងមុន ដើម្បីធានាភាពងាយស្រួលក្នុងការធ្វើដំណើរ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ។
អ្នកជំនាញបានវាយតម្លៃថា នៅពេលគម្រោងនេះបញ្ចប់ពេញលេញ វានឹងជួយកាត់បន្ថយបញ្ហាទឹកជំនន់ក្នុងទីក្រុង កាត់បន្ថយការបំពុលបរិស្ថានទឹក និងលើកកម្ពស់សុខុមាលភាពសហគមន៍ ធ្វើឱ្យក្រុងស្ទឹងត្រែងក្លាយជា ទីក្រុងស្អាត ទំនើប និងមានចីរភាព សម្រាប់អនាគត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)