Register Already an agent ? Login

កំពង់ផែក្រុងព្រះសីហនុ ជំហានសំខាន់ក្នុងការបម្លែងទៅកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់

ភ្នំពេញ៖ កំពង់ផែក្រុងព្រះសីហនុ កំពុងត្រូវបានបម្លែងទៅកំពង់ផែស្នូល និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន និង JICA, ជាចំណុចសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអន្តរជាតិ។

នៅថ្ងៃចន្ទ ទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លូ គឹមឈន់, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ, តំណាង រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, បានអញ្ជើញជាសហធិបតី ជាមួយលោក NAGASE Kensuke, អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគម្រោងអភិវឌ្ឍផែនការមេ ដើម្បីបម្លែងកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

សិក្ខាសាលានេះមានការចូលរួមពីតំណាង JICA, ក្រសួង និងស្ថាប័នពាក់ព័ន្ធ, ព្រមទាំងក្រុមហ៊ុនឯកជនជាច្រើន។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្តល់ព័ត៌មាន និងប្រមូលទិន្នន័យសំខាន់ៗ ដើម្បីធ្វើឱ្យការរៀបចំផែនការមេមានភាពច្បាស់លាស់ និងត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស និងការវិវត្តន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

លោក NAGASE Kensuke បានបញ្ជាក់ពីការប្តេជ្ញារបស់ រដ្ឋាភិបាល និង JICA ជប៉ុន ក្នុងការគាំទ្រគម្រោងនេះ ដោយផ្ដល់ជំនាញ និងបទពិសោធន៍ខ្ពស់។ ខណៈដែលឯកឧត្តម លូ គឹមឈន់ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ជប៉ុន និង JICA, ដែលជាដៃគូសំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងកំពង់ផែនៅកម្ពុជា។

សូមរម្លឹកថា គម្រោងអភិវឌ្ឍផែនការមេនេះ មានចក្ខុវិស័យផ្តួចផ្តើមពី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត, ដើម្បីបម្លែងកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែស្នូលក្នុងតំបន់។ គម្រោងនេះមិនត្រឹមសម្រាប់កម្ពុជាប៉ុណ្ណោះ តែជាចំណុចសំខាន់ក្នុងការបម្រើបណ្ដាញផ្គត់ផ្គង់ និងការជួញដូរ អន្តរជាតិ, ស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងការលើកកម្ពស់ ការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

គូសបញ្ជាក់ថា កម្ពុជាកំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ដ៏សំខាន់ ដើម្បីបម្លែងកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលនៃតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកមូលដ្ឋានអន្តរជាតិ។ គម្រោងនេះ មិនត្រឹមសម្រាប់បម្រើសេវាកម្មក្នុងប្រទេសកម្ពុជា ប៉ុន្តែជាចំណុចសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្មអន្តរជាតិ។

ជាមួយនឹងការគាំទ្រពី រដ្ឋាភិបាលជប៉ុន និង JICA, កំពង់ផែព្រះសីហនុត្រូវបានបម្លែងទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនទាន់សម័យ និងមានប្រសិទ្ធភាពក្នុងតំបន់អាស៊ីអាគ្នេយ៍៕

ដោយ៖ មឿន ឌីណា (Moeun Dyna)