អន្តរជាតិ៖ តម្លៃមាស និងប្រាក់នៅទីផ្សារពិភពលោក បន្តធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន បង្កឲ្យវិនិយោគិន និងអ្នកតាមដានទីផ្សារជាច្រើន មានការព្រួយបារម្ភចំពោះទិសដៅបន្ទាប់។
នៅថ្ងៃចន្ទ តម្លៃមាសបានធ្លាក់ចុះរហូតដល់ ៦,៣% ដែលចាត់ទុកថាជាការធ្លាក់ចុះធំបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ ខណៈប្រាក់ក៏ធ្លាក់ចុះយ៉ាងគំហុកដែរ បន្ទាប់ពីធ្លាក់ពីកម្រិតខ្ពស់បំផុតមិនធ្លាប់មាន មកនៅជិត ៧៥ ដុល្លារក្នុងមួយអោន។
អ្នកវិភាគទីផ្សារលើកឡើងថា ស្ថានការណ៍នេះ «មិនទាន់ចប់នៅឡើយទេ» ដោយសារវិនិយោគិននៅតែស្ទាក់ស្ទើរ ក្នុងការទទួលយកហានិភ័យបន្ថែម ខណៈការជួញដូរមានភាពចង្អៀត និងងាយរងការប្រែប្រួលខ្លាំង។
ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ មាស និងប្រាក់បានឡើងថ្លៃយ៉ាងឆាប់រហ័ស ដោយសារក្តីបារម្ភអំពីភាពចលាចលភូមិសាស្ត្រនយោបាយ ការធ្លាក់ថ្លៃរូបិយប័ណ្ណ និងការសង្ស័យចំពោះឯករាជ្យភាពរបស់ធនាគារកណ្ដាលអាមេរិក។ ការទិញយ៉ាងច្រើនពីវិនិយោគិនចិន ក៏បានជំរុញឲ្យទីផ្សារក្តៅគគុកខ្លាំងជាងមុន។
មូលហេតុសំខាន់មួយដែលបង្កឲ្យមានការលក់ចេញខ្លាំង គឺព័ត៌មានអំពីការតែងតាំងលោក Kevin Warsh ឲ្យដឹកនាំធនាគារកណ្ដាលសហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃ និងប៉ះពាល់ដល់អារម្មណ៍វិនិយោគិន ដែលធ្លាប់រំពឹងថា រដ្ឋបាលអាមេរិកនឹងអនុញ្ញាតឲ្យរូបិយប័ណ្ណធ្លាក់ថ្លៃ។
គិតត្រឹមពេលចុងក្រោយ តម្លៃមាសបានធ្លាក់ចុះជាង ៤% ខណៈប្រាក់ធ្លាក់ចុះជាង ២% ហើយលោហៈផ្សេងៗដូចជា ផ្លាទីន និងប៉ាឡាដ្យូម ក៏ធ្លាក់ចុះផងដែរ ខណៈប្រាក់ដុល្លារអាមេរិក បន្តមានសញ្ញាខ្លាំងឡើងនៅទីផ្សារពិភពលោក។
ស្ថានការណ៍នេះធ្វើឲ្យអ្នកវិនិយោគ ត្រូវតាមដានយ៉ាងជិតស្និទ្ធថា មាស និងប្រាក់ នឹងអាចរកឃើញកម្រិតគាំទ្រថ្មី ឬនឹងបន្តធ្លាក់ថ្លៃទៀតក្នុងពេលខាងមុខ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៩:២១ ព្រឹក ម៉ោងសិង្ហបុរី តម្លៃមាសបានធ្លាក់ចុះ ៤,៤% មកនៅត្រឹម ៤.៦៨០,៧៦ ដុល្លារក្នុងមួយអោន ខណៈតម្លៃប្រាក់បានធ្លាក់ចុះ ២,២% មកនៅត្រឹម ៨៣,២៩៦៥ដុល្លារ។ លោហៈផ្សេងៗដូចជា ផ្លាទីន និងប៉ាឡាដ្យូម ក៏បានធ្លាក់ចុះផងដែរ។ ទន្ទឹមនឹងនេះ សន្ទស្សន៍ Bloomberg Dollar Spot ដែលវាស់ស្ទង់តម្លៃប្រាក់ដុល្លារ បានកើនឡើង ០,១% បន្ទាប់ពីកើនឡើងដល់ ០,៩% ក្នុងវគ្គជួញដូរមុន៕
ប្រភព៖ Bloomberg
ប្រែសម្រួលដោយ៖ MD-Angkor