Register Already an agent ? Login

កំពង់ផែព្រះសីហនុ ការវិនិយោគអន្ដរជាតិ និងជំហានថ្មីសម្រាប់ឡូជីស្ទីកតំបន់

ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍផែនការមេ បានប្រជុំលើកទី១ ដើម្បីពិភាក្សាផែនការប្រែក្លាយ កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំបានទាក់ទាញ សមាជិកអន្តរក្រសួង ស្ថាប័នជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាង JICA ទាំងនៅកណ្តាល និងប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីដំណើរការ និងយុទ្ធសាស្ត្រដែលទាក់ទងនឹង កែលម្អមូលដ្ឋានរចនាសម្ព័ន្ធ ផ្លូវសេដ្ឋកិច្ច និងសេវាផ្នែកឡូជីស្ទីក នៅតំបន់។

កិច្ចប្រជុំនេះមិនត្រឹមតែជាវេទិកាពិភាក្សាអន្តរក្រសួងនោះទេ ប៉ុន្តែថែមទាំងជាជំហានសំខាន់ក្នុង ការលើកស្ទួយទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងអ្នកវិនិយោគពីប្រទេសជប៉ុន ដើម្បីឱ្យកំពង់ផែសីហនុក្លាយជាគោលដៅសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចំណុចសំខាន់ក្នុងប្រជុំរួមមាន៖

* ការរៀបចំផែនការវិនិយោគ និងការអភិវឌ្ឍមូលដ្ឋានដឹកជញ្ជូន។

* ការពង្រឹងសមត្ថភាពកំពង់ផែ និងបណ្តាញឡូជីស្ទីកតំបន់។

* ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនិងទាក់ទាញវិនិយោគិនថ្មីៗ។

កិច្ចប្រជុំនេះ បង្ហាញពីក្តីប្តេជ្ញាចិត្តរួម របស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអន្តរជាតិក្នុងការផ្លាស់ប្តូរនិងពង្រឹងសេដ្ឋកិច្ចតំបន់កំពង់ផែសីហនុឱ្យកាន់តែទាក់ទាញ និងប្រកួតប្រជែងលើសកម្រិតអន្តរជាតិ។

គួសបញ្ជាថា គម្រោងនេះមានដើមកំណើតចេញពីចក្ខុវិស័យរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន ដើម្បីបម្លែងកំពង់ផែព្រះសីហនុទៅជាច្រកចេញសំខាន់សម្រាប់ផ្នែកដឹកជញ្ជូន និងឡូជីស្ទីកក្នុងតំបន់ និងលើពិភពលោក។

គម្រោងនេះនឹងជំរុញការតភ្ជាប់, ការប្រកួតប្រជែងផ្នែកដឹកជញ្ជូន-ឡូជីស្ទីក និងសមាហរណកម្មក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)