ភ្នំពេញ៖ កម្ពុជាបន្តបង្ហាញភាពរឹងមាំ និងការបើកចំហរទៅកាន់វិនិយោគបរទេស ខណៈនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ សមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញឱកាសវិនិយោគថ្មីៗ។
ជំនួបនេះ ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិនៃ Prime MFI បានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏ជិតស្និទ្ធរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងការប្តេជ្ញារួមគ្នា ក្នុងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរ និងមានភាពប្រកួតប្រជែងនៅក្នុងតំបន់។
ក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា–កូរ៉េ ដែលត្រូវបានចាត់ទុកថា ជាវេទិកាដ៏មានប្រសិទ្ធភាព ក្នុងការស្តាប់សំឡេងវិនិយោគិន និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។ លោក បានលើកទឹកចិត្តឱ្យ KOCHAM និងក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍អំពីបញ្ហា ឬឧបសគ្គដែលបានជួបប្រទះ តាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។
ក្នុងនាមជាស្ថាប័ន “ច្រកចេញចូលតែមួយ” សម្រាប់វិនិយោគបរទេស CDC បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការផ្តល់ភាពងាយស្រួលទាំងការចុះបញ្ជី ការអនុវត្តគម្រោង និងការសម្របសម្រួលនីតិវិធីនានា។ កម្ពុជាបង្ហាញបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើន និងបានអំពាវនាវឱ្យ KOCHAM ជួយស្វែងរក និងណែនាំគម្រោងវិនិយោគដែលមានសក្តានុពល និងគុណភាពខ្ពស់ ស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីសាធារណរដ្ឋកូរ៉េ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីសកម្មភាពសំខាន់ៗនាពេលខាងមុខ ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមានការត្រៀមរៀបចំ Investment Roadshow នៅសាធារណរដ្ឋកូរ៉េ ក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថានឹងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមមកកាន់កម្ពុជា។ ជាមួយគ្នានេះ ភាគីទាំងពីរបានលើកឡើងពីគំនិតផ្តួចផ្តើមរៀបចំកម្មវិធី Working Breakfast ប្រចាំខែ ជាមួយបណ្តាសភាពាណិជ្ជកម្មនៅកម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ច និងពង្រឹងបណ្តាញទំនាក់ទំនងរវាងរដ្ឋ និងវិស័យឯកជន។
ក្នុងនាមជាប្រធានប្រតិភូ លោក Sungsoo Kim បានបញ្ជាក់ថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមដែលកំពុងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកបានបន្ថែមថា KOCHAM នឹងបន្តដើរតួនាទីជាស្ពានដ៏សំខាន់ ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់វេទិកាពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ជំនួបនេះ មិនត្រឹមតែជាការពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានថ្មីមួយ ក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញសម្រាប់ក្រុមហ៊ុនកូរ៉េ នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)