ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលគ្រោងតភ្ជាប់ពីតំបន់កោះនរា នៃរាជធានីភ្នំពេញ ទៅកាន់ក្រុងរណបមេគង្គឃី (Koh Norea – Mekong Quay) ស្ថិតក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល។
កិច្ចប្រជុំនេះនៅព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល តំណាងក្រុមហ៊ុន OCIC តំណាងក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗ ដែលបានចូលរួមផ្តល់មតិយោបល់ និងពិភាក្សាលម្អិតលើទិដ្ឋភាពបច្ចេកទេស និងទិសដៅអភិវឌ្ឍគម្រោង។
ក្នុងកិច្ចប្រជុំ ភាគីបច្ចេកទេសបានធ្វើបទបង្ហាញអំពីលទ្ធផលសិក្សាបឋម រួមមានទីតាំងស្ពាន រចនាសម្ព័ន្ធ និងទំហំស្ពាន ការតភ្ជាប់បណ្តាញផ្លូវចូល–ចេញទាំងសងខាងទន្លេ ការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាការវាយតម្លៃផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម។ ស្ពាននេះត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ សម្រាប់ការតភ្ជាប់តំបន់អភិវឌ្ឍថ្មីនៅភាគខាងកើតរាជធានីភ្នំពេញ ជាមួយតំបន់ក្រុងរណបអរិយក្សត្រ។
លោក ប៉េង ពោធិ៍នា បានលើកឡើងថា គម្រោងស្ពានកោះនរា–មេគង្គឃី មានសារៈសំខាន់ខ្លាំងក្នុងការកាត់បន្ថយសម្ពាធចរាចរណ៍ក្នុងរាជធានីភ្នំពេញ បង្កើនជម្រើសធ្វើដំណើរ និងគាំទ្រដល់ផែនការអភិវឌ្ឍទីក្រុងរយៈពេលវែង។ លោក ក៏បានណែនាំឱ្យភាគីពាក់ព័ន្ធ បន្តសិក្សាឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយ ជាពិសេសលើស្តង់ដារបច្ចេកទេស សុវត្ថិភាពរចនាសម្ព័ន្ធ ការរួមបញ្ចូលជាមួយបណ្តាញផ្លូវជាតិ និងផែនការរៀបចំដីធ្លីជុំវិញតំបន់ស្ពាន។
ជាមួយគ្នានេះ លោក បានសង្កត់ធ្ងន់លើការសម្របសម្រួលជិតស្និទ្ធរវាងក្រសួង អាជ្ញាធរដែនដី និងវិស័យឯកជន ដើម្បីធានាថាគម្រោងអាចអនុវត្តទៅមុខបានដោយរលូន មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមជាក់ស្តែង។
គួរបញ្ជាក់ថា គម្រោងស្ពានកោះនរា–មេគង្គឃី ត្រូវបានរំពឹងថា នឹងចូលរួមជំរុញការវិនិយោគ ការអភិវឌ្ឍលំនៅឋាន ពាណិជ្ជកម្ម និងសេវាកម្ម បង្កើតឱកាសការងារ បង្កើនតម្លៃដីធ្លី និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយទន្លេមេគង្គ ទាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅពេលគម្រោងនេះសម្រេចបានជារូបរាង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)