ភ្នំពេញ៖ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ៥.៥លាននាក់ ក្នុងឆ្នាំ២០២៥ បើទោះបីជាចំនួននេះថយចុះប្រហែល ១៦.៩% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានភ្ញៀវប្រមាណ ៦.៧លាននាក់ ក៏ដោយ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ ក្រសួងទេសចរណ៍។
របាយការណ៍បានបង្ហាញថា ភ្ញៀវទេសចរវៀតណាម នៅតែឈរនៅលំដាប់ទី១ ដោយមានចំនួនប្រមាណ ១.២២លាននាក់ ប៉ុន្តែថយចុះ ៨.៨%។ តាមពីក្រោយគឺ ភ្ញៀវទេសចរចិន មានចំនួនប្រមាណ ១.២០ លាននាក់ ដែលកើនឡើងខ្លាំងដល់ ៤១.៤%, បង្ហាញពីការងើបឡើងវិញនៃទីផ្សារទេសចរណ៍ចិនមកកម្ពុជា។
ជាប់លំដាប់ទី៣ គឺភ្ញៀវទេសចរថៃ ដែលមានចំនួនជាង ១លាននាក់ ប៉ុន្តែថយចុះដល់៥២%។ ខណៈ ភ្ញៀវទេសចរអាមេរិក មានចំនួនប្រមាណ ២០ម៉ឺននាក់ ថយចុះ ៣.៦%, និងភ្ញៀវទេសចរកូរ៉េខាងត្បូង ជាង ១៥ម៉ឺននាក់ ថយចុះ ២០.៦%។ ចំណែកភ្ញៀវមកពី ឥណ្ឌូនេស៊ី មានជាង ១៤ម៉ឺននាក់ និងពី បារាំង មានជាង ១៣ម៉ឺននាក់។
ក្រសួងទេសចរណ៍បានបញ្ជាក់បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥.៥លាននាក់ក្នុងឆ្នាំ២០២៥នេះ កម្ពុជាទទួលបានភ្ញៀវតាម ផ្លូវអាកាសចំនួន ២.៨លាននាក់ កើនឡើង ១៩.២%, ខណៈភ្ញៀវតាមផ្លូវគោកមានចំនួន ២.៦ លាននាក់ ថយចុះយ៉ាងខ្លាំងដល់ ៣៧.៨%។ ចំណែក ភ្ញៀវតាមផ្លូវទឹក មានចំនួនជាង ៩៨ ម៉ឺននាក់ កើនឡើង ៦.៣%។
បើទោះបីជាចំនួនភ្ញៀវទេសចរអន្តរជាតិមានការថយចុះលើស ១០%, ក៏ដោយ ប៉ុន្តែចំណូលពីវិស័យទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ប្រមាណថា ឈានដល់ ៣.៧ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២៥ របស់ ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា វិស័យទេសចរណ៍បានបន្ត ងើបឡើងវិញក្នុងឆមាសទី១ ឆ្នាំ២០២៥, ដោយសារការធ្វើពិពិធកម្មទិសដៅទេសចរណ៍ និងការកើនឡើងនៃ ជើងហោះហើរត្រង់អន្តរជាតិ។
ទោះជាយ៉ាងណា ចាប់ពីដើម ឆមាសទី២ ឆ្នាំ២០២៥, វិស័យទេសចរណ៍កម្ពុជា បានទទួលរងផលប៉ះពាល់ពី ការផ្ទុះអាវុធកម្ពុជា–ថៃចំនួនពីរលើក ព្រមទាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងតំបន់ ដែលបានធ្វើឱ្យកំណើននៃវិស័យនេះមានការថមថយជាក់ស្តែង។
ទោះបីជាប្រឈមនឹងបញ្ហាប្រឈមជាច្រើន ក៏ដោយ អាជ្ញាធររំពឹងថា វិស័យទេសចរណ៍កម្ពុជា នឹងបន្តមានសក្តានុពលងើបឡើងវិញនៅរយៈពេលមធ្យម និងវែង តាមរយៈការពង្រឹងសុវត្ថិភាព ការផ្សព្វផ្សាយទេសចរណ៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)