Register Already an agent ? Login

កម្ពុជា បន្តបើកទ្វារវិនិយោគអាម៉េរិក តាមរយៈជំនួបជាមួយសភាពាណិជ្ជកម្មកាលីហ្វ័រញ៉ា

ភ្នំពេញ៖ កម្ពុជា កំពុងបន្តជំរុញការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយសហរដ្ឋអាម៉េរិក ខណៈមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ដែលបង្ហាញពីការចាប់អារម្មណ៍កើនឡើងរបស់វិនិយោគិនអាម៉េរិក ចំពោះវិស័យសំខាន់ៗនៅកម្ពុជា នៅថ្ងៃចន្ទ ទី២៦ ខែមករា។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃ CDC បានផ្តល់ព័ត៌មានជូនគណៈប្រតិភូអំពីស្ថានភាពថ្មីៗនៃសេដ្ឋកិច្ចកម្ពុជា បរិស្ថានវិនិយោគ និងក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងការវិនិយោគ ខណៈរដ្ឋាភិបាលកម្ពុជា កំពុងផ្តោតលើការទាក់ទាញវិនិយោគបរទេស និងការពង្រីកទីផ្សារពាណិជ្ជកម្មជាមួយដៃគូអន្តរជាតិ។

ការពិភាក្សានេះបានផ្តោតជាពិសេសលើវិស័យអាទិភាពសម្រាប់ការវិនិយោគ រួមមាន សុខាភិបាល ភស្តុភារកម្ម សេវាកម្ម បច្ចេកវិទ្យាព័ត៌មាន កសិឧស្សាហកម្ម ពាណិជ្ជកម្មនាំចេញ–នាំចូល និងការចិញ្ចឹមសត្វ ដែលត្រូវបានមើលឃើញថា មានសក្តានុពលកំណើនខ្ពស់នៅកម្ពុជា។

លោក គីម ឆា ហ៊ួត ប្រធានគណៈប្រតិភូ និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា សមាជិកគណៈប្រតិភូមានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានមើលឃើញឱកាសវិនិយោគជាច្រើន បន្ទាប់ពីទទួលបានព័ត៌មានអំពីគោលនយោបាយ និងការលើកទឹកចិត្តសម្រាប់វិនិយោគិនបរទេស។

គណៈប្រតិភូបានបញ្ជាក់ថា ព័ត៌មានដែលទទួលបានពី CDC នឹងត្រូវយកទៅផ្សព្វផ្សាយបន្តដល់សមាជិក និងក្រុមហ៊ុននៅសហរដ្ឋអាម៉េរិក ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃឱកាសវិនិយោគនៅកម្ពុជា។

កម្ពុជា កំពុងស្វែងរកការបង្កើនការវិនិយោគពីសហរដ្ឋអាម៉េរិក ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនច្បាស់លាស់ ខណៈប្រទេសនេះកំពុងដាក់ចេញយុទ្ធសាស្ត្រទាក់ទាញវិនិយោគក្នុងវិស័យផលិតកម្ម សេវាកម្ម និងបច្ចេកវិទ្យា ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចរយៈពេលវែង។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងតួនាទីសកម្មរបស់សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគកម្ពុជា ទៅកាន់វិនិយោគិនអាម៉េរិក និងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហការជិតស្និទ្ធរវាងភាគីទាំងពីរ ក្នុងពេលអនាគត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)