Register Already an agent ? Login

មាសឡើង ៥ពានដុល្លារ ជាលើកដំបូង សញ្ញាព្រមានវិបត្តិបំណុលសកល?

អន្តរជាតិ៖ តម្លៃមាសពិភពលោកបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ នៅថ្ងៃអាទិត្យ ដោយឡើងលើស 5,000 ដុល្លារ ក្នុងមួយអោនជាលើកដំបូង ខណៈទីផ្សារហិរញ្ញវត្ថុពិភពលោកកំពុងរងសម្ពាធខ្លាំងពីបំណុលរដ្ឋាភិបាល ការអតិផរណា និងភាពមិនប្រាកដប្រជាផ្នែកនយោបាយ។

ការឡើងថ្លៃដ៏លឿននេះ បានកើតឡើងលឿនជាងការរំពឹងទុករបស់ Wall Street និងបានធ្វើឲ្យអ្នកវិភាគជាច្រើនសម្តែងការព្រួយបារម្ភ អំពីស្ថេរភាពប្រព័ន្ធហិរញ្ញវត្ថុសកល។

លោក Robin Brooksសមាជិកជាន់ខ្ពស់នៃ វិទ្យាស្ថាន Brookings បានពិពណ៌នាការកើនឡើងនេះថា «គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យខ្លាចយ៉ាងខ្លាំង»

លោកបានបញ្ជាក់ថា ការកើនឡើងតម្លៃមាសមិនមែនជាបាតុភូតដាច់ដោយឡែកទេ ប៉ុន្តែជាផ្នែកមួយនៃរលកធំមួយ ដែលអាចនាំទៅរក វិបត្តិបំណុលសកល ខណៈទីផ្សារភ័យខ្លាចថា រដ្ឋាភិបាលនានា អាចប្រើវិធានការបំប៉ោងប្រាក់ ដើម្បីបន្ធូរបំណុលដែលហួសការគ្រប់គ្រង។

ក្នុងពេលដូចគ្នា ប្រាក់ដុល្លារអាមេរិកបានបង្ហាញសញ្ញាធ្លាក់ថ្លៃចាប់តាំងពីដើមឆ្នាំនេះ ដែលជាកត្តាសំខាន់ជំរុញឲ្យមាសកាន់តែមានតម្លៃថ្លៃ ព្រោះវាបង្កើនអំណាចទិញរបស់វិនិយោគិនក្រៅតំបន់ដុល្លារ។

ធនាគារវិនិយោគធំ Goldman Sachs ក៏បានដំឡើងគោលដៅតម្លៃមាសចុងឆ្នាំពី*4,900ដុល្លារ ទៅ 5,400 ដុល្លារ ដោយលើកឡើងពីការចូលរួមកាន់តែច្រើនរបស់វិនិយោគិនឯកជន ដែលស្វែងរកការការពារទ្រព្យសម្បត្តិ និងពិពិធកម្មផលប័ត្រ ក្នុងស្ថានភាពនយោបាយ និងសេដ្ឋកិច្ចមិនច្បាស់លាស់។

មិនត្រឹមតែមាសទេ ទីផ្សារលោហៈដ៏មានតម្លៃផ្សេងៗ ក៏កំពុងឡើងកំពូលដែរ៖ *ប្រាក់ (Silver) ឡើង លើស 100ដុល្លារ និងបន្តដល់ជិត 107ដុល្លារ *ផ្លាទីន (Platinum) កើនជាង 40% ក្នុងឆ្នាំនេះ *ទង់ដែង (Copper) ឡើងដល់កំពូលប្រវត្តិសាស្ត្រជាង 13,000ដុល្លារក្នុងមួយតោន នៅទីក្រុងឡុងដ៍។

អ្នកវិភាគមួយចំនួនព្រមានថា ទោះបីតម្រូវការពីធនាគារកណ្ដាលនៅតែខ្លាំង ក៏ដោយ ការកើនឡើងជាសកលនៃលោហៈដ៏មានតម្លៃទាំងនេះ អាចបង្ហាញពីពពុះទីផ្សារ និងការភ័យខ្លាចជ្រាលជ្រៅរបស់វិនិយោគិនចំពោះអនាគតសេដ្ឋកិច្ចពិភពលោក៕

ប្រភពព័ត៌មាន៖ Reuters, Bloomberg

ប្រែសម្រួលដោយ៖ MD-Angkor